មនុស្សស្លាប់ ១៦នាក់ ក្រោយអគ្គិភ័យលេបត្របាក់ផ្សារទំនើបនៅចិន

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា អគ្គិភ័យបានឆាបឆេះផ្សារទំនើបមួយកន្លែង នៅនិរតីប្រទេសចិន ហើយជាលទ្ធផល យ៉ាងហោចណាស់មនុស្ស ១៦នាក់បានបាត់បង់ជីវិត។

អគ្គិភ័យត្រូវបានគេរាយការណ៍ថា បានឆាបឆេះផ្សារទំនើបមួយកន្លែង កាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ បណ្តាលឱ្យមនុស្សចំនួន ១៦នាក់បានស្លាប់ និងប្រហែល ៣០នាក់ផ្សេងទៀតត្រូវបានជួយសង្រ្គោះទាន់ពេល។ អគ្គិភ័យត្រូវបានពន្លត់ទាំងស្រុងនៅម៉ោង ៨៖២០នាទីយប់ថ្ងៃដដែល។ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានដកស្រង់ប្រភពពីមន្រ្តីសេវាសង្គ្រោះ និងអគ្គិភ័យចេញផ្សាយថា ប្រតិបត្តិការជួយសង្រ្គោះបានបិទបញ្ចប់នៅម៉ោង ៣៖០០ទៀបភ្លឺ នៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់)។
ខ្សែអាតិ៍វីដេអូខ្លីមួយត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV ហើយបន្តចែករំលែកនៅលើបណ្ដាញទំនាក់ទំនងសង្គមចិន កាលពីយប់ថ្ងៃពុធ ដែលបានបង្ហាញពីផ្សែងខ្មៅខ្មួលខ្មាញ់ចេញពីផ្សារទំនើបកម្ពស់ ១៤ជាន់ ក្នុងទីក្រុង Zigong ខេត្ត Sichuan។

តែភ្លាមៗមូលហេតុបណ្ដាលឱ្យមានអគ្គិភ័យកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ ទីក្រុង Zigong មានចម្ងាយប្រហែល ១,៩០០គីឡូម៉ែត្រ ពីរដ្ឋធានីប៉េកាំង គឺជាលំនៅដ្ឋានរបស់ប្រជាជនចិនជិត ២.៥លាននាក់។ អគ្គីភ័យតែងតែកើតមានជាញឹកញាប់នៅក្នុងប្រទេសចិន ដោយសារស្តង់ដារសុវត្ថិភាពធូររលុង និងការអនុវត្តមិនល្អ។
តួយ៉ាង កាលពីខែមករាដើមឆ្នាំ មនុស្សរាប់សិបនាក់បានស្លាប់ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះហាងមួយនៅកណ្តាលទីក្រុង Xinyu ដោយទីភ្នាក់ងារសារព័ត៌ស៊ីនហួរបានរាយការណ៍ថា ការឆាបឆេះនេះ គឺបណ្តាលមកពីការប្រើប្រាស់ភ្លើង “ខុសច្បាប់” ដោយកម្មករនៅក្នុងបន្ទប់ក្រោមដីរបស់ហាង។

នៅក្នុងខែដដែលនោះ ក៏មានអគ្គិភ័យឆេះអគារលំនៅឋានមួយករណីទៀត បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥នាក់។ អគ្គីភ័យនេះបានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីការឆាបឆេះនៅសាលារៀនមួយកន្លែង ក្នុងខេត្ត Henan ភាគកណ្តាលប្រទេសចិនដែលបានសម្លាប់កុមារចំនួន ១៣នាក់ ខណៈដែលពួកគេដេកនៅក្នុងអន្តេវាសិកដ្ឋាន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner