កម្ពុជា-ថៃ បានឯកភាពសំដៅជំរុញលំហូរទេសចររវាងប្រទេសទាំងពីរ និងលំហូរទេសចរពីប្រទេសទី៣ មកកាន់ប្រទេសទាំងពីរ

ទីក្រុងបាងកក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤៖ ដោយទទួលបានគោលការណ៍អនុញ្ញាតពី  រាជរដ្ឋាភិបាល ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍ទ្វេភាគីកម្ពុជា-ថៃ លើកទី៣។         កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៤ និងបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយសហប្រធានទាំងពីរគឺ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Sermsak Pongpanit រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡានៃព្រះរាជាណាចក្រថៃ។

អង្គប្រជុំបានពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ថៃ ២០២៣-២០២៥ និងការធ្វើបច្ចុប្បន្នភាពលើសកម្មភាពរួមមួយចំនួន ដោយ

ផ្តោតលើកិច្ចសហប្រតិបត្តិការសំខាន់ៗ ចំនួន០៥ រួមមាន៖
១) ការសម្រួលការធ្វើដំណើរ និងឆ្លងកាត់ព្រំដែន ដោយភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនជូនទេសចរនៃប្រទេសទាំងពីរ និងទេសចរមកពីប្រទេសទីបី។
២) យុទ្ធនាការផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នា“ព្រះរាជាណាចក្រពីរ គោលដៅមួយ” ដោយភាគីទាំងពីរបានពិភាក្សាលើការផ្សព្វផ្សាយរួមគ្នា ការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ (Familiarization Trip) ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍រួមគ្នា និងការជំរុញការចូលរួមក្នុងព្រឹតិ្តការណ៍ទេសចរណ៍ដែលរៀបចំដោយប្រទេសនីមួយៗ។
៣) ការអភិវឌ្ឍធនធានមនុស្ស ដោយភាគីទាំងពីរបានពិភាក្សាលើការជំរុញការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់អ្នកជំនាញទេសចរណ៍អាស៊ាន (MRA-TP) និងការបម្លាស់ទីអ្នកជំនាញទេសចរណ៍អាស៊ានខណៈដែលប្រទេសទាំងពីរជាប្រទេសឆ្នើមក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ។
៤) ការជំរុញអភិវឌ្ឍទេសចរណ៍ប្រកបដោយគុណភាព ដោយភាគីទាំងពីរបានឯកភាពបន្តជំរុញរួមគ្នាអនុវត្តស្តង់ដាសម្រាប់សេវាកម្មទេសចរណ៍នានា និង
៥) ការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ ដោយភាគីទាំងពីរឯកភាពបន្តពង្រឹងការចែករំលែកព័ត៌មាន និងសក្តានុពលវិនិយោគក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោក អ៊ិត វិជិត នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) បានដឹកនាំក្រុមការងារចូលជួបពិភាក្សាជាមួយអាជ្ញាធរទេសចរណ៍ថៃ (TAT) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងលំហូរទេសចររវាងប្រទេសទាំងពីរ។
ជារួម កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍ទ្វេភាគី កម្ពុជា-ថៃ លើកទី៣នេះ បានប្រព្រឹត្តទៅប្រកប ដោយភាពជោគជ័យក្នុងស្មារតីសាមគ្គីភាព និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ និងការអនុវត្តផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការដែលបានឯកភាពសំដៅជំរុញលំហូរទេសចររវាងប្រទេសទាំងពីរ និងលំហូរទេសចរពីប្រទេសទី៣ មកកាន់ប្រទេសទាំងពីរ ដោយមានការចូលរួមគ្រប់ផ្នែកពាក់ព័ន្ធ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន និងរួមចំណែកសម្រេចនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត «បង្កើន៥ និងអភិវឌ្ឍ៣» ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន៕  ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner