សម្តេចធិបតី និងលោកជំទាវ ចូលរួមពិធីបញ្ចុះបឋមសិលាសារមន្ទីរ «សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម រាជបូណ៌» (Video Inside)

សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ «សម្ដេចព្រះព្រហ្មរតនមុនីពិន សែម រាជបូណ៌» ក្នុងបរិវេណវត្តរាជបូណ៌ នាខេត្តសៀមរាប ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ កក្កដា ២០២៤។

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ព្រះជន្ម៨២ព្រះវស្សា គឺជាព្រះសង្ឃខ្មែរដ៏ល្បីល្បាញម្នាក់ ដែលមានកេរ្តិ៍ឈ្មោះសុះសាយទាំងក្នុងប្រទេស និងអន្តរជាតិ។

សារមន្ទីរដែលបានដាក់ព្រះនាមរបស់ព្រះអង្គនេះ គឺជាទីកន្លែងកំណើតរបស់ព្រះអង្គ ដែលបានប្រសូតក្នុងត្រកូលកសិករនៅភូមិវត្តបូណ៌ ឃុំសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប។

វត្តរាជបូណ៌នេះ ជាវត្តដ៏ចំណាស់មួយ ក្នុងចំណោមវត្តដទៃទៀត នៅក្នុងខេត្តសៀមរាប និងអារាមមួយនេះ មានព្រះវិហារមួយ ដែលមានលក្ខណៈស្ថាបត្យកម្មល្អឯក អំឡុង នៃការសាងសង់ ក្នុងរាជព្រះបាទនរោត្តម។

សារមន្ទីរ «សម្ដេចព្រះព្រហ្មរតនមុនីពិន សែម រាជបូណ៌» នឹងមានប្រយោជន៍សម្រាប់ការរក្សានូវវត្ថុបុរាណ នៃកេរដំណែលខ្មែរ ធ្វើពីថ្ម ស្ពាន់ សំរិទ្ធ ទង់ដែង លង្ហិន ទេពរូប ព្រះពុទ្ធរូប និងគ្រឿងកុលាលភាជន៍នានា ដែលរក្សាទុកក្នុងវត្តរាជបូណ៌ ដើម្បីរក្សាទុក និងតាំងបង្ហាញក្នុងអគារសារមន្ទីរ នៅក្នុងវត្តរាជបូណ៌។

សារមន្ទីរនេះ គឺជាសារមន្ទីរព្រះពុទ្ធសាសនាមួយ ដើម្បីឱ្យមនុស្សជាតិទាំងអស់ នៅលើពិភពលោក បានឃើញនូវសា្នដៃសិល្បៈដែលបន្សល់ពីបុព្វបុរសខ្មែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃបញ្ចុះបឋមសិលាថា ការរៀបចំសារមន្ទីរនេះទៀត ក៏នឹងមានប្រយោជន៍ដល់វិស័យទេសចរណ៍ផងដែរ។

ads banner