សម្ដេចតេជោ ហ៊ុន សែន ៖ ជំហរកម្ពុជា ជាមួយមិត្តចិន ពុំមានការផ្លាស់ប្ដូរនោះទេ ទោះមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីក៏ដោយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើទោះបីជាមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីក៏ដោយ ក៏ជំហររបស់កម្ពុជា ជាមួយមិត្តចិន ពុំមានការផ្លាស់ប្ដូរនោះទេ។ ជាមួយនេះ សម្តេចតេជោ ក៏បានស្នើឱ្យមិត្តចិនគាំទ្រកម្ពុជាជាបន្តទៀតលើការអភិវឌ្ឍគ្រប់វិស័យ។ សម្តេច ក៏បានរំលឹកពីជំហររបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយ ហើយចាត់ទុកបញ្ហាហុងកុង ចិនតៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាបញ្ហាផ្ទៃក្នុងរបស់ចិន ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ។

សម្តេចតេជោប្រធានព្រឹទ្ធសភា បានស្វាគមន៍និងអបអរចំពោះ ឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅប្រទេសកម្ពុជា ខណៈវត្តមានដ៏ឆាប់រហ័សរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មីនេះ បានសបញ្ជាក់អំពីទំនាក់ទំនងដ៏រឹងមាំ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ សម្តេច មានជំនឿមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពស៊ីជម្រៅបន្ថែមទៀត ។

ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជិនពីង ឯកឧត្តមនាយករដ្ឋមន្ត្រីចិន លី ឈាង ប្រធានសភាចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត ជូនសម្តេចតេជោ ។ ឯកឧត្តម មានប្រសាសន៍ថា សម្តេចតេជោ ជាមិត្តចាស់ដ៏ពិតប្រាកដរបស់ចិន ដែលបានគាំទ្រគ្នាទៅវិញទៅមក និងបានអរគុណសម្ដេច ដែលបានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិន អំឡុងពេលដែលមានការផ្ទុះកូវីដ១៩ ធ្វើឱ្យប្រជាជនចិន និងពិភពលោក មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានចាត់ទុកសម្ដេចតេជោ ជាមិត្តល្អសម្រាប់ប្រជាជនចិន ដែលគាំទ្រគ្នាក្នុងគ្រាមានអាសន្ន។ ដូចនេះ សុខទុក្ខរបស់កម្ពុជា គឺជាសុខទុក្ខរបស់ប្រទេសចិនដូចគ្នា ។

ឯកឧត្តម វ៉ាង វិនពីន បានបន្ថែមថា សម្តេចតេជោ គឺជាអ្នកនយោបាយ ជាមេដឹកនាំកំពូល និងជាអ្នកយុទ្ធសាស្ត្រដ៏ឆ្នើមក្នុងការដឹកនាំកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍជឿនលឿនដូចសព្វថ្ងៃ។

ឯកឧត្តមបានកោតសរសើរ សម្ដេចតេជោ ដែលបានចូលរួមដោយផ្ទាល់ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ក្នុងការពូនជ្រំទំនាក់ទំនងមិត្តភាពយូរអង្វែងកម្ពុជា-ចិន ។ សម្តេចតេជោ និង ឯកឧត្តម ស៊ី ជីនពីង បានឯកភាពគ្នា ដាក់ចេញនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជាផែនទីចក្ខុវិស័យក្នុងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ សំដៅសម្រេចបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។ ឯកឧត្តម បានបេ្តជ្ញាថា ក្នុងអាណត្តិការទូតនៅកម្ពុជា ឯកឧត្តម នឹងពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច-សង្គម, សន្តិសុខ-យោធា, និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។

ឆ្លៀតក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញ សម្តេច ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវេលាសមស្របណាមួយនាពេលខាងមុខ ។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះឯកឧត្តមដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ប្រធានាធិបតី ស៊ី ជិនពីង នាយករដ្ឋមន្ត្រី ប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស និងថ្នាក់ដឹកនាំដទៃទៀតនៃប្រទេសចិន។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់មិនអាចខ្វះបាននៃទំនុកចិត្តនិងការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក ក្នុងការវិវត្តនៃទំនាក់ទំនងរវាងកម្ពុជា-ចិន ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួម ។

សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជា បានរក្សាចំណងមិត្តភាពជាប្រពៃណីដ៏ល្អនេះ តាំងពីថ្នាក់ដឹកនាំជំនាន់មុន ហើយថ្នាក់ថ្នមថែរក្សាទំនាក់ទំនងនេះ ឱ្យមានភាពរឹងមាំជារៀងរហូតមក។ សម្ដេច បានចាត់ទុកថា ទំនាក់ទំនងជាប្រវត្តិសាស្ត្រ រវាងប្រទេសទាំងពីរ តម្រូវឱ្យប្រទេសយើងទាំងពីរនៅតែជាដៃគូដ៏ស្មោះត្រង់ជាមួយគ្នា។

សម្ដេចបានរំលឹកថា ទស្សនកិច្ចរបស់សម្ដេច ទៅកាន់ប្រទេសចិន នៅពេលដែលផ្ទុះខ្លាំងនូវជំងឺកូវីដ១៩នោះ គឺជាការបង្ហាញពីសាមគ្គីភាពចំពោះប្រជាជនកម្ពុជា ជាមួយប្រជាជនចិនក្នុងគ្រាដ៏លំបាក និងពីការលើកទឹកចិត្ត ចំពោះនិស្សិតកម្ពុជាដែលកំពុងស្នាក់នៅ និងបន្តការសិក្សានៅប្រទេសចិន។ សម្ដេច ក៏បានអរគុណដល់ប្រទេសចិន ដែលបានផ្ដល់នូវវ៉ាក់សាំងកូវីដ១៩ មកដល់កម្ពុជា ជាបន្តបន្ទាប់។

សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត វ៉ាង វិនពីន ឱ្យសម្រេចបានជោគជ័យ ក្នុងអាណត្តិបេសកកម្មនៅកម្ពុជា ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner