ឯកឧត្តម គិត ទ្រី អញ្ជើញពិនិត្យមើលប្រព័ន្ធធារាសាស្រ្ត និងការបង្កបង្កើនផលស្រូវវស្សារបស់ប្រជាពលរដ្ឋ ឃុំល្បាំង២ ស្រុកលំផាត់
រតនគិរី៖ ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី អមដំណើរ ដោយឯកឧត្តម ជា ថាវរិទ្ធ ឯកឧត្តម មូល សំវាំង សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្តព្រមទាំង ប្រធានមន្ទីរជំនាញពាក់ព័ន្ធមួយចំនួននៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យមើលប្រព័ន្ធធារាសាស្រ្ត និងការបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋនៅឃុំ
ល្បាំង២ ស្រុកលំផាត់។
ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តម គិត ទ្រី បានអំពាវនាវដល់ប្រជាពលរដ្ឋរួមទាំងអាជ្ញាធររួមគ្នាថែរក្សាសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលបានកសាងនៅមូលដ្ឋានទាំងអស់ ឱ្យប្រើប្រាស់បានយូរអង្វែង សម្រាប់ជាប្រយោជន៍រួមទាំងអស់គ្នា ម្យ៉ាងទៀតត្រូវរួសរាន់បង្កបង្កើនផលស្រូវរដូវវស្សាឱ្យបានទាន់ពេលវេលា ។
ជាពិសេសប្រជាពលរដ្ឋត្រូវថែរក្សាសុខភាពឱ្យបានល្អ ក្នុងរដូវភ្លៀងធ្លាក់នេះ ដោយគេងនៅក្នុងមុង ដាំទឹកឱ្យបានឆ្អិន ត្រូវមើលថែរក្សាក្មេងតូចៗកុំឱ្យឆ្លងជំងឺគ្រុនឈាម និងសម្អាតបរិស្ថានបរិវេណនៅជុំវិញផ្ទះឱ្យបានស្អាត និងណែនាំកូនចៅកុំឱ្យក្មេងលេងទឹកដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ជាយថាហេតុផងដែរ ។
បន្ថែមលើសពីនេះ ឯកឧត្តម ក៏បានជំរុញឱ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ចំពោះពលរដ្ឋណាដែលមានជីវភាពខ្វះខាត ត្រូវចាត់ឱ្យក្រុមការងារយកអំណោយ ជួយឱ្យបានទាន់ពេលវេលា មិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ខ្វះខាត ដោយមិនដឹងនោះឡើយ។ ត្រូវបន្តដោះស្រាយសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងត្រូវអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឱ្យបានទទួលលទ្ធផលល្អ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត។
ដោយឡែក ចំពោះសំណូមពរប្រជាពលរដ្ឋជាង១០០ គ្រួសារ ស្ថិតនៅភូមិកាចាញ ឃុំល្បាំង២ ស្រុកលំផាត់ សុំសំណង់ស្ទាក់ទឹកចំនួន ១១ទីតាំង ដាក់លើប្រឡាយមេដើម្បីចែកចាយស្រោចស្រពលើផ្ទៃដីស្រែប្រមាណជាង ១០០ ហិកតា ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី បានស្នើឱ្យមន្ទីរធនធានទឹកនិងឧតុនិយមខេត្តចុះសិក្សានៅទីតាំងជាក់ស្តែង៕ដោយ ៖ គតិ យុត្ត