Putin ចាត់ទុក លោក Phu Trong ជាមិត្តពិតរបស់រុស្ស៊ី
មូស្គូ៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានកោតសរសើរមេដឹកនាំវៀតណាម លោក ង្វៀន ភូត្រុង (Nguyen Phu Trong) ដែលទើបតែទទួលមរណភាពថា គឺជា «មិត្តពិត» របស់រុស្ស៊ី។
ក្រោយពេលបានដឹងអំពីដំណឹងមរណភាព កាលពីថ្ងៃសុក្រ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានកោតសរសើរលោក ង្វៀន ភូត្រុង អគ្គលេខាធិការគណបក្សកុម្មុយនិស្តវៀតណាមថា ជា «បុរសដ៏អស្ចារ្យ»។ លោក ពូទីន បាននិយាយបែបនេះ តាមរយៈសារ Telegram ផ្ញើទៅកាន់ប្រធានាធិបតីវៀតណាម លោក តូ ឡឹម (To Lam) ដែលត្រូវបានបង្ហោះ នៅលើគេហទំព័រ វិមានក្រឹមឡាំង។
លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ដែរថា «នៅក្នុងប្រទេសរុស្ស៊ី លោក ង្វៀន ភូត្រុង នឹងត្រូវបានគេចងចាំ ជានិច្ចថា ជាមិត្តពិត នៃប្រទេសរបស់យើង ដែលបានរួមចំណែកដ៏អស្ចារ្យ ចំពោះទំនាក់ទំនង រវាងទីក្រុងម៉ូស្គូ និងទីក្រុងហាណូយ»។
គណបក្សកុម្មុយនិស្តនៃប្រទេសវៀតណាម បានប្រកាសថា លោក ង្វៀន ភូត្រុង បានទទួលមរណភាព នៅអាយុ៨០ឆ្នាំ ដោយសាររោគាពាធ។ ជាការកត់សម្គាល់ មុនពេលទទួលមរណភាព លោក ភូត្រុង បានផ្ទេរតំណែងបណ្តោះអាសន្ន ឲ្យទៅប្រធានាធិបតី តូឡឹម ធ្វើជាអគ្គលេខាធិការបក្សជំនួស ដោយសារតែបញ្ហាសុខភាព៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត