ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំឆ្ពោះទៅសម្រេចក្តីសុបិនដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរ
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំប្រទេសឈានទៅសម្រេចក្តីសុបិនដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរ។ នោះគឺចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។
ឯកឧត្តម ប៉ែន បូណា បានមានប្រសាសន៍ថា អ្វីដែលជាការសម្លឹងទៅមុខរបស់រាជរដ្ឋាភិបាល គឺចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ ដែលនេះគឺជាកម្មវិធីគោលនយោបាយចក្ខុវិស័យដើម្បីសម្រេចក្តីសុបិន្តដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរ។ ហេតុអីបានជាយើងអាចនិយាយដូច្នេះបាន យើងដឹងហើយថាក្រោយពីឆ្លងកាត់ភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ដ៏គួរឱ្យតក់ស្លត់រន្ធត់នៅក្នុងប្រវត្តិសាស្ត្រនៃមនុសា្សជាតិដែលប្រជាពលរដ្ឋខ្មែរបានឆ្លងហែលកាត់អស់ជាច្រើនទសវត្ស។ ប្រជាពលរដ្ឋយើងនឿយណាយឆ្អែតឆ្អន់នឹងសង្គ្រាម និងរបបប្រល័យពូជសាសន៍បែបនេះយ៉ាងខ្លាំង។ ដូច្នេះម្នាក់ៗមានក្តីស្រម៉ៃមួយក្នុងសុខសន្តិភាព ចង់រស់នៅក្នុងប្រទេសដែលមានការអភិវឌ្ឍន៍។ ចង់ឱ្យកូនចៅរបស់ខ្លួនមានសុភមង្គម មានសេចក្តីសុខបានរៀនសូត្របានទទួលការងារមុខរបរ។ ដូច្នេះមានតែរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាតែមួយទេ ដែលអាចសម្រេចក្តីសុបិន្តនេះជូនបងប្អូនប្រជាពលរដ្ឋបាន។
ឯកឧត្តម ប៉ែន បូណា បានបន្តថា រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ទាញប្រទេសចេញពីរបបប្រល័យពូជសាសន៍ បញ្ចប់សង្គ្រាមទាំងស្រុងស្វែងរកសន្តិភាពជូនប្រទេសតាមរយៈនយោបាយឈ្នះឈ្នះ។ អភិវឌ្ឍប្រទេសចេញពីផេះមករីកស្គុះស្គាយស្គាល់ការរីកចំរើនគ្រប់វិស័យដូចបច្ចុប្បន្ន។ នេះគឺជាក្តីសុបិន្តមួយដែលប្រជាពលរដ្ឋខ្មែរកន្លងមកចង់បាន។ ប៉ុន្តែសួរថារាជរដ្ឋាភិបាលរបស់យើងស្កប់ស្កល់ត្រឹមនឹងទេ គឺអត់ទេ អត់ទាន់ដល់គោលដៅពិតប្រាកដដែលរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាចង់បានទេ។ គោលដៅគឺយុទ្ធសាស្ត្របច្ចកោណ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។ នេះគឺជាការឈានទៅសម្រេចក្តីសុបិន្តដ៏ធំរបស់ប្រជាពលរដ្ឋខ្មែរដែលប្រាថ្នាចង់រស់នៅក្នុងសង្គមមួយជឿនលឿនដូចបណ្តាប្រទេសអភិវឌ្ឍន៍ជឿនលឿននៅលើពិភពលោក។
ឯកឧត្តម ប៉ែន បូណា បានបន្តទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងតែរៀបចំការដ្ឋានជាច្រើនដើម្បីឈានទៅសម្រេចទិសដៅ។ ការដ្ឋានមួយដ៏សំខាន់បំផុតក្នុងចំណោមកិច្ចការទាំងអស់នោះ គឺការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការផ្តល់ព័ត៌មានពិតទៅដល់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម ចូលរួមជាគណៈអធិបតី និងជាវាគ្មិននៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នៅសាលាខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤៕
ដោយ៖ពលជ័យ