ខណៈជំនន់ទឹកភ្លៀងយាយីលើភូមិសាស្រ្តមួយចំនួន អភិបាលស្រុកគូលែនរំលឹកដល់មន្រ្តីមូលដា្ឋនឱ្យតាមដានស្ថានភាពឱ្យជាប់
ព្រះវិហារ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃនេះបានបណ្ដាលឱ្យមានជំនន់ទឹកភ្លៀងកើតឡើងលើភូមិឃុំមួយចំនួនក្នុងស្រុកគូលែន ខេត្តព្រះវិហារ ដែលជាខេត្តនៃភាគខាងជើង មានព្រំប្រទល់ជាប់នឹងប្រទេសថៃ។
លោក ប៉ែន ជឹង អភិបាលស្រុកគូលែន កាលពីថ្ងៃទី១៩ ខែកក្កដា បានចុះត្រួតពិនិត្យសិក្សាជាក់ស្តែងនូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅភូមិរំចេក ភូមិព្រៃគោល ភូមិកក់កាថង នៃឃុំស្រយង់ ស្រុកគូលែន។តាមរយៈនៃការពិនិត្យឃើញថា ការខូចខាតបឋមមានផ្លូវលំមួយខ្សែភ្ជាប់ភូមិរំចេក ឆ្ពោះទៅកាន់ភូមិព្រៃគោលដោយទឹកហូរច្រោះកាត់ផ្លូវចំនួនប្រាំកន្លែង, ដាច់ផ្លូវមួយកន្លែង។ ផ្លូវមួយខ្សែទៀត ជាផ្លូវក្រាលកៅស៊ូចេញពី ភូមិរំចេក ឆ្ពោះទៅកាន់ភូមិកក់កាថង ប៉ះពាល់ទៅលើកំណាត់ផ្លូវបីកន្លែងធំៗបណ្តាលឱ្យមានការខូចខាតប្រវែង ២០០ម៉ែត្រ និងមានទឹកហូច្រោះមាត់លូ និងទឹកហូច្រោះក្បាលស្ពានផងដែរ ។
ជាដំណោះស្រាយចំពោះមុខលោកអភិបាលស្រុក ក្រុមការងារនិងមន្ត្រីជំនាញចំណុះឱ្យរដ្ឋបាលស្រុកគូលែន បានសម្រេចប្រគល់ថវិកាមួយចំនួនទៅដល់អាជ្ញាធរភូ មិឃុំ ដែលរងផលប៉ះពាល់ដើម្បីទិញប្រេងសម្រាប់អារឈើចាស់ៗធ្វើជាស្ពានឱ្យប្រជាពលរដ្ឋប្រើប្រាស់បណ្ដោះអាសន្នក្នុងពេលបន្ទាន់។
លោក ប៉ែន ជឹង អភិបាលស្រុកបានណែនាំដល់មន្រ្តីមូលដ្ឋានភូមិ ឃុំត្រូវតាមដានស្ថានភាពទឹកជំនន់ ផលប៉ះដល់ការរស់នៅរបស់ប្រជាជន ។ពិសេសប្រាប់ប្រជាជនឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ៕
ដោយ៖សួន លីណា