Huthis វាយប្រហារនាវាកុងតឺន័រ ទង់ជាតិសិង្ហបុរី
បរទេស៖ ក្រុមឧទ្ទាម Huthis នៅប្រទេសយេម៉ែន បាននិយាយ កាលពីថ្ងៃសុក្រថា ពួកគេទើបបានវាយប្រហារលើកប៉ាល់កុងតឺន័រ ដែលមានទង់សិង្ហបុរី នៅឈូងសមុទ្រ Aden នេះបើតាមអ្នកនាំពាក្យក្រុមនេះ។
តំណាង Huthi បានអះអាងថា កប៉ាល់ដឹកទំនិញនេះ បានរំលោភលើការហាមឃាត់មិនឱ្យចូលកំពង់ផែ ប៉ាឡេស្ទីន ដែលត្រូវបានកាន់កាប់ ទើបត្រូវបានវាយប្រហារ។
អាជ្ញាធរដែនសមុទ្រ និងកំពង់ផែរបស់ប្រទេសសិង្ហបុរី ហៅកាត់ MPA អះអាងថា កប៉ាល់កុងតឺន័រនោះ មានឈ្មោះ Lobivia ដោយនិយាយទៀតថា ការវាយប្រហារបានបណ្តាលឱ្យមានអគ្គីភ័យ ប៉ុន្តែ ត្រូវបានពន្លត់វិញ។
MPA បានអះអាងទៀតថា គ្រាប់ផ្លោងមិនស្គាល់អត្តសញ្ញាណ ត្រូវបានបាញ់មកលើនាវា ប៉ុន្តែ មិនមានជនជាតិសិង្ហបុរីណាម្នាក់ ក្នុងចំណោមនាវិកនោះទេ ហើយមនុស្សទាំងអស់ មានសុវត្ថិភាព។ រីឯ នាវា LOBIVIA បានទៅដល់កំពង់ផែ ប្រទេសសូម៉ាលី។
ឧទ្ទាម Huthis ដែលគេជឿថា មានអ៊ីរ៉ង់គាំទ្រ នៅតែបន្តវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចលើនាវា នៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ជាការឆ្លើយតបទៅនឹងសង្រ្គាមនៅ Gaza ឬប្រឆាំងនឹងអ៊ីស្រាអែល។ ការណ៍នេះបានជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន ធ្វើដំណើរតាមផ្លូវវាង ដោយសុវត្ថិភាព៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត