ប្រមុខការទូតកម្ពុជាលើកសរសើរអំពីការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ចិន ក្នុងរយៈពេល៦៦ឆ្នាំនេះ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ បានលើកសរសើរអំពីការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ចិន ក្នុងរយៈពេល៦៦ឆ្នាំនេះ ដោយបានក្លាយទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងវិវឌ្ឍទៅជាមិត្តភាពដែកថែប។

ការលើកសរសើរនេះ ក្នុងពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងការចូលកាន់តំណែងថ្មីរបស់ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ក៏បានលើកអំពីកុងសង់ស៊ីសរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការកសាងសហគមន៍វាសនារួម និងបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលផ្តោតលើវិស័យអាទិភាពចំនួន៦។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ក៏បានសម្តែងការអបអរសាទរចំពោះឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសចិន ប្រចាំកម្ពុជា ព្រមទាំងបានបញ្ជាក់អំពីកិច្ចសហការ និងការគាំទ្រដល់ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងអាណត្តិបេសកកម្មនៅកម្ពុជា៕
ដោយ៖ពលច័យ
រូបភាព៖ក្រសួងការបរទេស

ads banner