ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី “គ្រប់ដំណាក់កាលទាំងអស់ គឺដើម្បីធានាថាមិនឱ្យមានការបែកធ្លាយវិញ្ញាសា ជាដាច់ខាត”
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ក្នុងពិធីកាត់វិញ្ញាសាជានិមិត្តរូបថា “លោកគ្រូ អ្នកគ្រូ ជាអ្នកតាក់តែងវិញ្ញាសា បានអញ្ជើញមកដល់មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល វេលាម៉ោង ៦ព្រឹក ដោយចាប់ផ្តើមធ្វើការតាក់តែងវិញ្ញាសា វេលាម៉ោង៦ និង៣០នាទី។ គិតត្រឹមម៉ោងប្រមាណ ៨ព្រឹក ជម្រើសវិញ្ញាសាត្រូវបានរៀបចំរួចរាល់យ៉ាងហោចណាស់ ១៤៥សំណួរ។ បន្ទាប់មក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជ្រើសរើស ១០០សំណួរ ជាប្រធានវិញ្ញាសា និងចុះហត្ថលេខាលើប្រធានវិញ្ញាសានោះ។”
ឯកឧត្តមក៏បានលើកឡើងបន្ថែមទៀតថា “គ្រប់ដំណាក់កាលទាំងអស់ គឺដើម្បីធានាថាមិនឱ្យមានការបែកធ្លាយវិញ្ញាសា ជាដាច់ខាត”។សូមជូនពរបេក្ខជនទាំងអស់ទទួលបានជោគជ័យ និងទទួលបានលទ្ធផលជាទីគាប់ចិត្តគ្រប់ៗគ្នា។
ប្រសាសន៍លើកឡើង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញក្នុងពិធីកាត់វិញ្ញាសានៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបឋមសិក្សា វេនទី៥។ ពិធីនេះមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យនានា មហាជនដែលបានចុះឈ្មោះជាអ្នកសង្កេតការណ៍ និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។
គួរបញ្ជាក់ថា ថ្ងៃនេះបេក្ខជន ៨,២៩៩នាក់ មកពីបណ្តាខេត្តចំនួន៤ ក្នុងនោះមានខេត្តកំពង់ចាម, ខេត្តក្រចេះ, ខេត្តកំពង់ធំ និងខេត្តត្បូងឃ្មុំ ដែលត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា លើវិញ្ញាសាសរសេរលើកទី១ ដើម្បីជ្រើសសម្រាំងបេក្ខជន។ ការប្រឡងប្រជែងនេះ ប្រព្រឹត្តទៅនៅថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០២៤ វេនទី៥-៦-៧-៨ ដែលបន្តពីវេនទី១-២-៣-៤ កាលពីថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២៤ សប្តាហ៍មុន។
សម្រាប់ថ្ងៃទី២០ និង២១ ខែកក្កដា ឆ្នាំ២០២៤ គឺបែងចែកជា២មណ្ឌល មានមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងនោះវេនទី៥៖ មានបេក្ខជនមកពីខេត្តកំពង់ចាម ក្រចេះ ចាប់ពីម៉ោង១២:០០នាទី ដល់ម៉ោង ១៤:០០នាទី ,និងវេនទី៦៖ មានបេក្ខជនមកពីខេត្តត្បូងឃ្មុំ កំពង់ធំ ចាប់ពីម៉ោង ១៦:០០នាទី ដល់ម៉ោង ១៨:០០នាទី ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ ជឹម ភារ៉ា