ឯកឧត្តម ឃួង ស្រេង ៖ ជាឃោសនិកមួយរូបត្រូវស្វែងយល់ និងឆ្លើយតបឱ្យទាន់ពេលវេលាចំពោះពត៌មានក្លែងក្លាយ
(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានថ្លែងថា ក្នុងនាមជាឃោសនិកមួយរូប ត្រូវស្វែងយល់ និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះពត៌មានក្លែងក្លាយ,ញុះញុង វាយប្រហាររាជរដ្ឋាភិបាលស្របច្បាប់ និងវាយបកឱ្យទាន់ពេលវេលាចំពោះក្រុមជនអគតិដែលតែងតែចិញ្ចឹមចិត្តបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាជន និងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិពិសេសក្នុងបរិបទDigitalនេះ។
ឯកឧត្តម ឃួង ស្រេង បានថ្លែងបែបនេះ ក្នុងពិធីបិទវគ្គអប់រំនយោបាយនៅមន្ទីរបក្សរាជធានីភ្នំពេញជំនាន់ទី៥៤ នាព្រឹកថ្ងៃទី២០ កក្កដា ឆ្នាំ២០២៤ ដែលមានសមាជិក សមាជិកាចូលរួមចំនួន ១៣៣នាក់ ។
ឯកឧត្តម ក៏បានបញ្ជាក់ ពីការរីកចម្រើនក្រោមការដឹកនាំរបស់ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងរយៈពេល ៩ខែ ដើមអាណត្តិទី៧កន្លងមកនេះ គឺទទួលបានការវិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និងមានការសារទរជាអន្តរជាតិក៏ដូចក្នុងមជ្ឈដ្ឋានជាតិទាំងមូល ។
ពេលនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កំពុងបន្ត តាមលំអាននៃការរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ក្នុងនាមជាយុវជនជំនាន់ក្រោយដែលពោរពេញដោយភាពស្វាហាប់ មានចំណេះដឹង និងមានការប្តេជ្ញាចិត្តខ្ពស់តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយបញ្ជកោណដែលជាត្រីវិស័យក្នុងការដឹកនាំអភិវឌ្ឍន៍ ៕
ដោយ ៖ ហេង សម្បត្តិ