សហគ្រិនខ្មែរចាប់ដៃគូជាមួយផ្សារម៉ាក្រូកម្ពុជា ដើម្បីផ្សព្វផ្សាយផលិតផលក្នុងស្រុក
ភ្នំពេញ៖ សហគ្រិនខ្មែរមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូថ្មីជាមួយផ្សារម៉ាក្រូ ដើម្បីគាំទ្រផលិតផល ក្នុងស្រុកតាមរយៈពិព័រណ៍ផលិតផលខ្មែរ។ដោយផ្អែកលើភាពជោគជ័យនៃឆ្នាំមុនៗពិព័រណ៍ផលិតផលខ្មែរត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ផលិតផលនិងអាជីវកម្មក្នុងស្រុក។
ស្របតាមស្ដង់ដារសុវត្ថិភាពចំណីអាហារផលិតផលក្នុងស្រុក រួមមានគ្រឿងទេស របស់ប្រើប្រាស់ប្រចាំថ្ងៃ បន្លែនិងផ្លែឈើស្រស់ ទឹកដោះគោ អង្ករនិងវត្ថុអនុស្សាវរីយ៍នឹងត្រូវដាក់តាំងបង្ហាញរយៈពេល ២ សប្តាហ៍ ចាប់ពីថ្ងៃទី១៦ រហូតដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៤ នៅផ្សារម៉ាក្រូ សែនសុខ សៀមរាប និង ជ្រោយចង្វារ។ ដោយមានការគាំទ្រពីសហគ្រិនខ្មែរអតិថិជននឹងមានជម្រើសកាន់តែច្រើនក្នុងការជាវផលិតផលក្នុងស្រុក និងជាពិសេសអាចមានឱកាសឈ្នះរង្វាន់ផងដែរ។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា ការសហការជាមួយផ្សារម៉ាក្រូកម្ពុជាជាជំហានដ៏សំខាន់មួយទៀតក្នុងការឆ្ពោះទៅរកអតិថិជនកាន់តែទូលំទូលាយសម្រាប់ផលិតផលក្នុងស្រុក។ ភាពជាដៃគូថ្មីនេះជាការរួមចំណែកដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រផលិតផលនិងសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកតាមរយៈការពង្រីកម៉ាកយីហោក្នុងស្រុកនិងទីផ្សារអន្តរជាតិ។ សហគ្រិនខ្មែរមានមោទនភាពក្នុងការដើរតួជាកម្លាំងកាតាលីករនៅពីក្រោយគំនិតផ្តួចផ្តើមដ៏សំខាន់នេះ។
លោកស្រី អាណាតា ថាឡាងឌី ជានាយកគ្រប់គ្រងនៃក្រុមហ៊ុនម៉ាក្រូកម្ពុជា បានមានប្រសាសន៍ថា យើងប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុកអោយរឹងមាំដើម្បីគាំទ្រសហគមន៍របស់យើងនិងពង្រឹងពួកគាត់អោយកាន់តែមានប្រសិទ្ធភាព។យើងមានបំណងផ្តល់អាទិភាពជូនដល់អ្នកផ្គត់ផ្គង់ក្នុងស្រុក ដោយរួមជាមួយនឹងការអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្មអោយមានគុណភាពស្តង់ដារខ្ពស់ ទាំងផលិតផល និង ការវេចខ្ចប់ មានទំនុកចិត្ត និង មានការផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព។
កន្លងមកនេះយើងបានធ្វើការពង្រឹងដល់អ្នកផ្គត់ផ្គង់ប្រភេទផលិតផលស្រស់ចំនួន54និងអ្នកផ្គត់ផ្គង់ផលិតផលស្ងួតចំនួន ១៥ រួចមកហើយ នៅទូទាំង ១៧ ខេត្ត ក្នុងប្រទេសកម្ពុជា។
ពិព័រណ៍ផលិតផលខ្មែរមិនមែនគ្រាន់តែជាព្រឹត្តិការណ៍មួយប៉ុណ្ណោះទេតែជាការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងសហគ្រិនខ្មែរនិងផ្សារម៉ាក្រូកម្ពុជាក្នុងការលើកកម្ពស់និរន្តរភាព ការជម្រុញបន្ងែមដល់សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក និងការបង្កើតទំនាក់ទំនងដ៏មានអត្ថន័យរវាងអតិថិជន និងអាជីវកម្មក្នុងស្រុក។ អាស្រ័យហេតុនេះសូមបងប្អូនចូលរួមផ្សព្វផ្សាយសេចក្តីស្រឡាញ់ចំពោះផលិតផលក្នុងស្រុកនិងសហគ្រាសធុនតូចនិងមធ្យម តាមរយៈការគាំទ្រ និងចូលរួមពិព័រណ៍ផលិតផលខ្មែរ៕ អត្ថបទ៖ ឈឹម ទីណា