៦ខែ ឆ្នាំ២០២៤ កម្ពុជា នាំចេញកសិផលសម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆ្នាំ២០២៣
(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមតេលេក្រាម នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានលើកឡើងពីវិស័យកសិកម្ម ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤ ។
១. ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ។ កសិផលប្រមាណ ៦លានតោន បាននាំចេញទៅកាន់ទីផ្សារ គោលដៅចំនួន ៧៧ប្រទេសទូទាំងពិភពលោក ។
២. ៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា៖ ប្រទេសចិន៖ ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន, ប្រទេសរៀតណាម៖ ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់, ប្រទេសថៃ៖ ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់ ។
៣. កសិផលកម្ពុជា ដែលកំពុងមានកំណើនទីផ្សារក្រៅពីស្រូវ ស្វាយចន្ទី និងដំឡូងមី ៖ ស្វាយស្រស់ ដំណាប់ស្វាយ ទុរេន គ្រាប់ពោត មៀនស្រស់ ម្រេច និងម្ទេសស្រស់។
៤. គ្រាប់ស្វាយចន្ទីឆៅ៖ មានទំហំនាំចេញជាង ៨០០លានដុល្លារ ប្រហែល ១ភាគ៣ នៃតម្លៃនាំចេញ កសិផលសរុបរបស់កម្ពុជា ។
៥. ទំហំទឹកប្រាក់ពីការនាំចេញ៖ កសិផលក្រៅពីស្រូវ-អង្ករ ៖ ជាង ១៨០០លានដុល្លារ ,កសិផលស្រូវ៖ ជាង ៤០០លានដុល្លារ, កសិផលអង្ករ៖ ជាង ២០០លានដុល្លារ, ប្រភេទដំឡូងមី៖ មានបរិមាណជាង ២,៥០លានតោន ដែលជាកំណើនខ្ពស់ជាងគេទី១ ក្នុងចំណោមកសិផលសំខាន់ដទៃទៀត ដោយទទួលបានទឹកប្រាក់ចំនួនជាង ៤៥០លានដុល្លារអាមេរិក ៕
ដោយ ៖ វណ្ណលុក