ឯកឧត្តម ចាយ បូរិន ៖ សមាជិកបក្សគ្រប់លំដាប់ថ្នាក់ និង គ្រប់ផ្នែក ត្រូវចូលរួមយ៉ាងសកម្ម ក្នុងការបំពេញតួនាទី ភារកិច្ចរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់
(ភ្នំពេញ)៖ ក្នុងពិធីប្រកាសតែងតាំងរចនាសម្ព័នគណកម្មាធិការក្រសួងធម្មការនិងសាសនា នាព្រឹកថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ចាយ បូរិន ប្រធានគណកម្មាធិការក្រសួងធម្មការនិងសាសនា បានណែនាំឲ្យថ្នាក់ដឹកនាំ សមាជិកបក្សគ្រប់លំដាប់ថ្នាក់ និង គ្រប់ផ្នែក នៃគណៈកម្មាធិការគណបក្សក្រសួង ត្រូវចូលរួមយ៉ាងសកម្ម ក្នុងការបំពេញតួនាទី ភារកិច្ចរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ទទួលបានលទ្ធផលគួរជាទីកកត់សម្គាល់ដែលគណបក្សនិងរាជរដ្ឋាភិបាលប្រគល់ជូន ។
ឯកឧត្តមប្រធាន លើកឡើងថា បន្ទាប់ពីទួលបានរចនាសម្ព័ន្ធរួច សូមគណៈកម្មាធិការគណបក្សមូលដ្ឋាននិងប្រធានសាខាបក្ស ត្រូវពិនិត្យនិងវាយតម្លៃ តួនាទីនិងភារកិច្ចរបស់សមាជិកបក្សនីមួយៗឡើងវិញ និងពង្រឹងការបំពេញតួនាទីភារកិច្ច ឱ្យកាន់តែសកម្មថែមទៀត ត្រូវមានរបៀបរបការប្រជុំអោយទៀងទាត់ ត្រូវពង្រឹងរបៀបរបបការងាររបស់ខ្លួន ប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ។
ឯកឧត្តម ចាយ បូរិន ក៏បានជម្រុញដល់សមាជិកទាំងអស់ ត្រូវបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ នៅគ្រប់អង្គការចាត់តាំងបក្ស ដែលបង្កបរិយាកាសសុខដុមនីយកម្មនៅគ្រប់លំដាប់ថ្នាក់ របស់ក្រសួង ។
ឯកឧត្តមប្រធាន សូមថ្នាក់ដឹកនាំ និងសមាជិក សមាជិកាបក្ស ចូលរួមឱ្យបានផុសផុល គ្រប់ៗគ្នាដើម្បីត្រៀមរៀបចំកម្មវិធីទូងស្គរ ដើម្បីអបអរសាទរការបើកដំណើរការជាផ្លូវការនៃការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ៕
ដោយ ៖ ហេង សម្បត្តិ