ក្លិបអ្នកកាសែតកម្ពុជា បណ្តុះបណ្តាលដល់មន្រ្តីទទួលបន្ទុកព័ត៌មានតាមក្រសួង និងវិស័យឯកជន ដើម្បីឱ្យទំនាក់ទំនងជាមួយអ្នកកាសែតកាន់តែប្រសើរឡើង
(ភ្នំពេញ)៖ដោយសារតែការទំនាក់ទំនងជាមួយបណ្តាញសារព័ត៌មានក្នុងស្រុក ក៏ដូចជាបរទេសជួបនូវបញ្ហាមួយចំនួននោះក្លិបអ្នកកាសែតកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលពិសេសសម្រាប់មន្រ្តីទទួលបន្ទុកព័ត៌មានតាមក្រសួងបន្ទីរ និងវិស័យឯកជន ក្នុងគោលបំណងធ្វើឲ្យទំនាក់ទំនងរវាងអ្នកសារព័ត៌មាន និងមន្រ្តីអ្នកនាំពាក្យ អាចធ្វើកិច្ចការងារជាមួយគ្នាកាន់តែល្អប្រសើរ និងពិសេសនោះបានយល់អំពីតម្រូវការគ្នាទៅវិញទៅមក។
បញ្ជាក់ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដែលបានរៀបចំឡើងនាថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២៤នៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ(AUPP) លោក ពុយគា ប្រធាន ក្លិបអ្នកកាសែតកម្ពុជាបានឱ្យដឹងថា៖វគ្គបណ្តុះបណ្តាលនេះធ្វើឡើងសម្រាប់មន្រ្តីដែលទទួលបន្ទុកកិច្ចការងារសាធារណៈ និងព័ត៌មាន។វគ្គនេះធ្វើឡើងសម្រាប់មន្រ្តីរាជការ ក៏ដូចជាឯកជន។ អ្វីដែលធ្វើឱ្យលោកភ្ញាក់ផ្អើលនោះគឺដំបូងឡើយគិតថាសិក្ខាកាមនឹងអាចមានប្រមាណពី៥០ទៅ៦០នាក់ចូលរៀនទេ ប៉ុន្តែចំនួននេះបានកើនឡើងជាង១០០នាក់ តែដោយសារបន្ទប់តូចនឹងចង់ចម្រាញ់យកគុណភាពនោះក្លិបអ្នកកាសែតកម្ពុជាទទួលបានតែ ៩០នាក់ប៉ុណ្ណោះ។
លោកបាននិយាយដែរថាដោយសារមើលឃើញមានការចាប់អារម្មណ៍ច្រើនពីអ្នកពាក់ព័ន្ធក្នុងវិស័យនេះក្លិបអ្នកកាសែតកម្ពុជាគ្រោងនឹងបើកវគ្គទី២ទី២ទៀតនៅដើមខែក្រោយនេះផងដែរ។សម្រាប់អ្នករៀនវគ្គបណ្តុះបណ្តាលនេះគឺបានផ្តោតសំខាន់ទៅលើរបៀបធ្វើការងាររបស់អ្នកសារព័ត៌មានជាមួយនឹងមន្រ្តីដែលទទួលបន្ទុកការងារព័ត៌មាន។ដោយក្នុងនេះនឹងប្រាប់ពីអ្នកសារព័ត៌មានចង់បានអ្វី នឹងមន្រ្តីពាក់ព័ន្ធគួរផ្តល់ដូចម្តេច។ក្រៅពីនេះបង្ហាត់បង្ហាញឱ្យដឹងពីសំណួរអ្នកសារព័ត៌មាន និងក៏ដូចជាការឆ្លើយតបឱ្យត្រូវចំណុចជាដើម។
គួរបញ្ជាក់ថាក្នុងពិធីនេះគេឃើញមានអ្នកនាំពាក្យជើងចាស់ ,អ្នកសារព័ត៌មានជើងចាស់ ៣រូប បានចូលរួមចែករំលែកបទពិសោធន៍ដែលធ្លាប់ធ្វើការយូរឆ្នាំកន្លងមកដូចជា ឯកឧត្តម សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណៈបក្សប្រជាជន លោក គី សុខលីន សហស្ថាបនិកសារព័ត៌មានឌីជីថលថ្មីៗ លោក ទាវសារៈមុនី និពន្ធនាយកព័ត៌មានអប្សរាសង់ត្រាល់នៃក្រុមហ៊ុនអប្សរាព័ត៌មានជាដើម៕
ដោយ ៖ ម៉ាដេប៉ូ