កូនត្នោត ១ម៉ឺនដើម នឹងត្រូវដាំក្នុងខេត្តត្បូងឃ្មុំនៅថ្ងៃអាទិត្យនេះ
(ភ្នំពេញ)៖ ដើមត្នោតត្រូវបានចាត់បញ្ចូល ជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិ នៃប្រទេសកម្ពុជា ។ ដើមត្នោតគេអាចកែច្នៃធ្វើជាសម្ភារៈប្រើប្រាស់បានច្រើន យ៉ាងណាស់ ហើយក្រៅពីនេះវាក៏ផ្តល់ផ្នែកអាហារដល់យើង ច្រើនបែប ដែរដូចជាទឹកត្នោត និងផ្លែត្នោត សុទ្ធតែអាចប្រើធ្វើជាអាហារបានទាំងខ្ចី និងទុំ។
ដើមឈើដ៏មានតម្លៃមហាសាលមួយនេះ ក្នុងការដាំគឺគេឱ្យទុក ចន្លោះពីដើមមួយទៅដើមមួយមានចម្ងាយ ៤ ម៉ែត្រ ដើម្បីឲ្យដើមត្នោតលូតលាស់ធំធាត់បានលឿន និងហុចផលបានល្អផង។
ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា៖យុទ្ធនាការដាំត្នោតតាមមូលដ្ឋាននឹងត្រូវបានគេរៀបចំឡើងនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៤នៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។កូនត្នោតចំនួន១០ ០០០ដើមនឹងត្រូវបានគេដាំក្នុងពិធីនេះ ហើយ កាលពីថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានគេដឹកដល់ទីតាំងរួចហើយដែរ ដើម្បីត្រៀមដាំ។
ឯកឧត្តមបញ្ជាក់ថាកូនត្នោតទាំងនេះជាអំណោយរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលការដាំនេះគឺ សម្រាប់ដើម្បីបុព្វហេតុបរិស្ថាន សម្បត្តិវប្បធម៌ និងធម្មជាតិ នៃមាតុភូមិកម្ពុជា ជូនកូនចៅជំនាន់ក្រោយ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ធ្លាប់បានថ្លែងថា ការរៀបចំដាំកូនត្នោត សម្រាប់ទុកជាប្រយោជន៍ក្នុងសហគមន៍ បង្កើនជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងបង្កើនទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នារដ្ឋមន្រ្តីក្រសួងបរិស្ថានរូបនេះបានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យចូលរួមដាំ ដើមត្នោត និងដើមឈើនានា ឱ្យបានច្រើនដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនិងបរិស្ថាន។
សូមរំលឹកថា៖កន្លងមក ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះយុទ្ធសាស្ត្រទី២ «ភាពបៃតង» ផ្តោតលើអាទិភាពចំនួន៣គឺ ជំរុញការដាំដុះកូនឈើ ដើម្បីបង្កើនគម្របបៃតង ក្នុងនោះមានយុទ្ធនាការ«ពន្លកបៃតង» ចែកជូនកូនឈើជូនប្រជាពលរដ្ឋយកទៅដាំ យ៉ាងតិច ១លានដើមក្នុង១ឆ្នាំ ជំរុញលើការការពារ និងអភិរក្សជីវចម្រុះការអនុវត្តច្បាប់ ១០០% ចំពោះបទល្មើសធនធានធម្មជាតិ ព្រមទាំងកិច្ចសហការនានាជាមួយអ្នកពាក់ព័ន្ធ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាឱ្យដាំដើមឈើឱ្យបានច្រើន ចូលរួមអភិរក្សជីវៈចម្រុះ និងបានបង្កើនជីវភាពតាមរយៈទេសចរណ៍ លំហែបៃតងនៅតាមតំបន់ការពារធម្មជាតិ។
ថ្មីៗនេះដែររដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រគល់កូនត្នោតចំនួន៣០ម៉ឺនដើម ដល់យុទ្ធនាការ «ពន្លកបៃតង» នៅឆ្នាំ២០២៤ នេះ ដែលបានចែកជូនកូនឈើសរុប ១លាន ៣សែនដើម រួចមកហើយ ដល់ប្រជាពលរដ្ឋទៅដាំដោយឥតគិតថ្លៃ នៅតាមមូលដ្ឋាន វត្តអារាម សាលារៀន ទីសាធារណៈនិងដាំស្តារព្រៃនៅតាមសហគមន៍នានា ដើម្បីបង្កើនគម្របបៃតង ឆ្ពោះទៅសម្រេចទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញបង្កើនគម្របព្រៃ ៦០% នៅឆ្នាំ២០៥០។
បច្ចុប្បន្នរដ្ឋមន្រ្តីក្រសួងបរិស្ថានមានថ្នាលបណ្តុះកូនត្នោត ដែលគ្រោងបណ្តុះកូនត្នោតបន្ថែមទៀត ឲ្យបានច្រើនលានគ្រាប់ នៅឆ្នាំបន្តបន្ទាប់ សម្រាប់ដាំដុះនៅពេលខាងមុខ។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏បានកំពុងជំរុញឱ្យមន្ទីរបរិស្ថានរាជធានី ខេត្តទាំងអស់ ប្រមូលគ្រាប់ត្នោត ដើម្បីបណ្តុះ ជាមួយកូនឈើនានាផ្សេងទៀត ដើម្បីទុកចែកជូនប្រជាពលរដ្ឋដាំ នៅក្នុងឆ្នាំបន្តបន្ទាប់ផងដែរ៕
ដោយ ៖ ម៉ាដេប៉ូ