បន្តជើងហោះហើរពិភពលោក ជាបណ្តើរៗ ឡើងវិញ
បរទេស៖ យន្តហោះបានចាប់ផ្តើមបន្តការហោះហើរ ធម្មជា បណ្តើរៗឡើងវិញ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍, ធនាគារ និងប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក បានធ្លាក់ចូល ទៅក្នុងភាពចលាចល ដោយសារការជាប់គាំងផ្នែកព័ត៌មានវិទ្យា ឬ IT ដ៏ធំបំផុត កម្រកើតមាន ដែលបណ្តាលមកពី «ការអាប់ដេតកម្មវិធីកំចាត់មេរោគ» ឬ Anti-Virus។
កាលពីថ្ងៃសុក្រ ជើងហោះហើររាប់សិបលើក ត្រូវបានលុបចោល ទូទាំងពិភពលោក បន្ទាប់ពីការ Update នាំឲ្យគាំង Microsoft Windows លើប្រព័ន្ធកុំព្យុទ័រ ជាកម្រិតសកល។ គិតត្រឹមថ្ងៃសៅរ៍ ក្រុមមន្ត្រីបាននិយាយថា ស្ថានការណ៍បានវិលមករកភាពធម្មតាវិញ នៅក្នុងអាកាសយានដ្ឋាន ទូទាំងប្រទេសអាឡឺម៉ង់ និងប្រទេសបារាំង ខណៈដែលទីក្រុងប៉ារីស បានរៀបចំស្វាគមន៍មនុស្សរាប់លាននាក់ សម្រាប់ការប្រកួតកីឡាអូឡាំពិក ដែលចាប់ផ្តើម នៅថ្ងៃសុក្រ។
ក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាននៅអាមេរិក និង នៅទូទាំងអាស៊ី បាននិយាយថា ពួកគេបានដំណើរការឡើងវិញ ដូចជា នៅហុងកុង កូរ៉េខាងត្បូង ថៃ ឥណ្ឌា ឥណ្ឌូនេស៊ី និងសិង្ហបុរី ជាដើម។
ក្រុមហ៊ុន Microsoft បានប៉ាន់ប្រមាណថា កុំព្យុទ័រ Windows ប្រមាណ ៨.៥ លានគ្រឿង ត្រូវបានរងផលប៉ះពាល់ នៅក្នុងការគាំង IT នេះ ។ ក្រុមហ៊ុន Microsoft បាននិយាយថា បញ្ហានេះបានចាប់ផ្តើមតាំងពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ Windows ដែលដំណើរការកម្មវិធី កំចាត់មេរោគ CrowdStrike ។
នៅក្នុងការបង្ហោះ កាលពីថ្ងៃសៅរ៍ ក្រុមហ៊ុនអាមេរិក CrowdStrike បាននិយាយថា ខ្លួនបានចេញផ្សាយ ពីការអាប់ដេត កាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលបាននាំឲ្យអេក្រង់ចេញពណ៌ខៀវ ជាប់គាំង មិនដំណើរការ។
CrowdStrike បានអះអាងថា ខ្លួនបានដាក់ចេញនូវដំណោះស្រាយសម្រាប់បញ្ហានេះ ហើយ CEO និងជាស្ថាបនិក លោក George Kurtz បានប្រាប់ប៉ុស្តិ៍ព័ត៌មានអាមេរិក CNBC ថា លោកចង់ «សុំទោសជាលក្ខណៈបុគ្គលដល់គ្រប់ស្ថាប័ន និងមនុស្សគ្រប់រូប ដែលរងផលប៉ះពាល»។ ក្រុមហ៊ុនបាននិយាយថា អាចចំណាយពេល ពីរ បីថ្ងៃ ទៀត ដើម្បីឱ្យអ្វីៗ ត្រឡប់មកធម្មតាវិញ ទាំងស្រុង។
បើទោះបីជា CrowdStrike ជួសជុលស្ថានការណ៍ក៏ដោយ ក្រុមអ្នកជំនាញជាច្រើនបានចោទសួរ ជុំវិញរឿងនេះ ហើយចាត់ទុក ឧបទ្ទវហេតុនេះ គួរតែជំរុញឱ្យមានការពិចារណាឡើងវិញ យ៉ាងទូលំទូលាយ អំពីរបៀបដែលសង្គមទាំងមូល ពឹងផ្អែកតែលើក្រុមហ៊ុនបច្ចេកវិទ្យា មួយចំនួនតូច៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត