Trump ៖ ខ្ញុំត្រូវគ្រាប់កាំភ្លើង ដើម្បីលទ្ធិប្រជាធិបតេយ្យ
អាមេរិក៖ នៅថ្ងៃអាទិត្យនេះ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជាលើកដំបូង តាំងពីរងការបាញ់ប្រហារថា «ខ្ញុំត្រូវគ្រាប់កាំភ្លើង ដើម្បីលទ្ធិប្រជាធិបតេយ្យ»។
អំឡុងការប្រមូលផ្តុំមនុស្ស ប្រមាណជាង១ម៉ឺននាក់ នៅក្នុងរដ្ឋ Michigan លោក ត្រាំ បានច្រានចោលការព្រួយបារម្ភដែលថា លោកគឺអ្នកគំរាមកំហែង ដល់លទ្ធិប្រជាធិបតេយ្យ។ ដូចសព្វដង លោក ត្រាំ បានការពារវិធានការទប់ស្កាត់ជនអន្តោប្រវេសន៍ ហូរចូលទឹកដីអាមេរិក ដោយអះអាងថា ក្រុមទាំងនេះអាចបង្កបទឧក្រិដ្ឋ ដែលទាមទារឲ្យមានការនិរទេសដ៏ធំ។
បេក្ខភាពប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋ រូបនេះ បានចំអកឱ្យគូប្រជែង មកពីគណបក្សប្រជាធិបតេយ្យ ដោយមានសម្ពាធ មិនធ្លាប់មានពីមុនមក នោះគឺ ប្រធានាធិបតី Joe Biden ត្រូវបានដាក់សំពាធឲ្យបោះបង់ការប្រជែងដណ្តើម ការគ្រប់គ្រងសេតវិមាន។
គួរបញ្ជាក់ថា លោក ត្រាំ បានបង្ហាញខ្លួន ដោយពាក់បង់រុំពណ៌តូចជាងមុន នៅលើត្រចៀកខាងស្តាំ ដែលត្រូវខ្មាន់កាំភ្លើងអាយុ ២០ ឆ្នាំ បាញ់ប្រហារ។ សន្តិសុខត្រូវបានគេរាយការណ៍ថា មានភាពតឹងរ៉ឹង នៅក្នុងកីឡដ្ឋាន Van Andel Arena ចំពេលមានសំណួរជុំវិញសេវាសម្ងាត់ មានការយឺតយ៉ាវ អំឡុងការប្រមូលផ្តុំគ្នា នៅក្នុងរដ្ឋ Pennsylvania កាលពីសប្តាហ៍មុន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត