បូលីវី ៖ ឡានបុកគ្នា ស្លាប់មនុស្ស១៦នាក់
បរទេស៖ ប៉ូលិសបាននិយាយថា ការបុកគ្នារវាងរថយន្តដឹកទំនិញ និងរថយន្តក្រុងដឹកអ្នកដំណើរ នៅលើផ្លូវហាយវេមួយកន្លែង ក្នុងតំបន់ភ្នំ អេនឌីស (Andes) ប្រទេសបូលីវី កាលពីថ្ងៃសៅរ៍ បានបណ្តាលឲ្យមនុស្ស ១៦ នាក់បានស្លាប់ និង ១៤ នាក់ផ្សេងទៀត រងរបួស។
មន្ត្រីចរាចរណ៍ បាននិយាយថា គ្រោះថ្នាក់នេះបានកើតឡើង នៅលើផ្លូវពាណិជ្ជកម្ម និងទេសចរណ៍ដ៏មមាញឹក ដែលតភ្ជាប់រវាងប្រទេសស៊ីលី និងបូលីវី នៃប្លុកអាមេរិកខាងត្បូង។ ការស៊ើបអង្កេតដំបូងបានបង្ហាញថា រថយន្តដឹកទំនិញបានឆ្លងចូលទៅក្នុងគន្លងផ្លូវផ្ទុយ ព្យាយាមវ៉ាជែង។
ស្ថិតិរបស់រដ្ឋាភិបាលបង្ហាញថា ប្រទេសបូលីវី មានមនុស្សស្លាប់ប្រមាណ១៤០០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងមួយឆ្នាំ។ មូលហេតុចម្បង មកពីការបើកបរ មិនបានល្អ និងបញ្ហាបច្ចេកទេសរថយន្ត។ គ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវដ៏មមាញឹកមួយ នាភាគនិរតី ប្រទេសមួយនេះ កាលពីខែមេសា បានសម្លាប់មនុស្ស ១៤នាក់ ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត