ចំណូលព្រែកជីក Suez ធ្លាក់ចុះ២ពាន់លានដុល្លារ
បរទេស៖ ប្រាក់ចំណូលបានពីព្រែកជីក ស៊ូអេស ( Suez ) របស់ប្រទេស អេហ្ស៊ីប បានធ្លាក់ចុះ ជាង២ពាន់លានដុល្លារអាមេរិក ឬ ស្មើនឹង ២៣.៤ភាគរយ ចំពេលមានការវាយប្រហារ ពីសំណាក់ក្រុមឧទ្ទាម Huthi នៅយេម៉ែន។
អាជ្ញាធរព្រែកជីកបានប្រកាស នៅក្នុងសប្តាហ៍នេះថា អំឡុងឆ្នាំសារពើពន្ធ ២០២៣/២០២៤ មាននាវាឆ្លងកាត់ ២០១៤៨គ្រឿង បង្កើនបានចំណូល ត្រឹម៧.២ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែ កាលពីឆ្នាំសារពើពន្ធ ២០២២/២០២៣ មាននាវាឆ្លងកាត់ ចំនួន២៥៩១១គ្រឿង បង្កើតប្រាក់ចំណូលបានចំនួន៩.៤ពាន់លានដុល្លារអាមេរិក ជាហេតុនាំឲ្យធ្លាក់ចុះចំណូល ចំនួន ២.២ពាន់លានដុល្លារអាមេរិក។
សេចក្តីថ្លែងការរបស់អាជ្ញាធរព្រែកជីក បានសន្មត់ថា មានការរំខាននៅក្នុងការដឹកជញ្ជូន នៅលើសមុទ្រក្រហម តាំងពីឆ្នាំមុន ជាមូលហេតុនាំឲ្យធ្លាក់ចុះបែបនេះ។ ពួកឧទ្ទាម Huthi នៅតែបន្តវាយប្រហារ លើនាវា ដែលគេចោទថា មានទាក់ទងនឹងអ៊ីស្រាអែល។ ពួកគេប្រឆាំងអ៊ីស្រាអែល គាំទ្រប៉ាឡេស្ទីន ជុំវិញសង្គ្រាម នៅហ្គាហ្សា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត