អណ្តើកហ្លួងចំនួន ២០ក្បាល ត្រូវបានលែងចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល
(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធស្រះចិញ្ចឹម និងបង្កាត់ពូជអណ្ដើកហ្លួង នៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង របស់អង្គការ WCS ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចូលរួមធ្វើការលែងអណ្តើកហ្លួងចំនួន ២០ក្បាល ចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង ដែលមានទីតាំងនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានសម្ពោធាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៤។ កន្លែនេះគឺមានសុវត្ថិភាព សម្រាប់ការអភិរក្សសត្វអណ្តើកហ្លួង និង ក្រពើត្រី តាមរយៈការចិញ្ចឹមមើលថែ បង្កាត់ពូជ និងភ្ញាស់ពងកូនអណ្តើកហ្លួង និងក្រពើត្រី រហូតដល់ពួកវាធំធាត់អាចលែងចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិលដែលជាទីជម្រកធម្មជាតិរបស់ពួកវា។
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណាបានចូលរួមលែងអណ្តើកហ្លួងចំនួន ២០ក្បាល ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល។ ក្នុងនោះ អណ្តើកហ្លួងចំនួន ១២ក្បាល មានបំពាក់ឧបករណ៍បញ្ជូនសំឡេងដើម្បីតាមដានចលនា អត្រារស់រាន និងការប្រើប្រាស់ទីជម្រករបស់អណ្តើកហ្លួងទាំងនោះ។ ការអង្កេតតាមដានសត្វអណ្តើកហ្លួងទាំងនេះបន្ទាប់ពីពួកវាត្រូវបានលែងចូលទីជម្រកធម្មជាតិ ពិតជាមានសារសំខាន់ណាស់ក្នុងការការពារនិងស្តារចំនួនសត្វអណ្តើកហ្លួងឱ្យកើនឡើងវិញក្នុងទីជម្រកធម្មជាតិ។
អណ្តើកហ្លួង ត្រូវបានប្រកាសថាជាសត្វល្មូនតំណាងជាតិរបស់កម្ពុជាក្នុងឆ្នាំ២០០៥។ អណ្តើកហ្លួងត្រូវបានប្រទះឃើញមានវត្តមានតែនៅក្នុងប្រទេសកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីតែប៉ុណ្ណោះ។ ចំនួនសរុបនៃសត្វនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រហែល ១០០ ក្បាលប៉ុណ្ណោះ នៅក្នុងប្រទេសកម្ពុជា។
រាល់សត្វអណ្តើកហ្លួងដែលត្រូវបានប្រលែងទៅក្នុងជម្រកធម្មជាតិវិញ ជួយទ្រទ្រង់ដល់ជលផលនៅក្នុងប្រព័ន្ធព្រែកស្រែអំបិល រក្សាជីវៈចម្រុះ និងធានាថាសត្វល្មូនតំណាងជាតិរបស់កម្ពុជាអាចមានចំនួនកើនឡើងនៅក្នុងទីជម្រកធម្មជាតិរបស់វា ៕
ដោយ ៖ ម៉ាដេប៉ូ