ឯកឧត្តម ហង់ជួន ណារ៉ុន ៖ ការចូលរួមប្រកួតកីឡាអូឡាំពិកនេះ ជាកិត្តិយសសម្រាប់កម្ពុជា និងសម្រាប់អត្តពលិកខ្លួនឯង
(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានិងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយឯកឧត្តម លី កុសល អគ្គហេរញ្ញឹកគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងប្រតិភូគ្រូបង្វឹកកីឡាករ-កីឡាការិនីចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ មុនចេញដំណើរទៅចូលរួមប្រកួតកីឡាអូឡាំពិក ក្រុងប៉ារីស ប្រទេសបារាំង ដែល នឹងចាប់ផ្ដើមពីថ្ងៃទី២៦ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ គឺជាព្រឹត្តិការណ៍កីឡាធំជាងគេនៅលើពិភពលោកហើយពិបាកណាស់សម្រាប់ អត្តពលិកដែលចង់ចូលរួម។ នេះអាចថាជាកិតិ្តយសមួយសម្រាប់ប្រទេស ហើយក៏សម្រាប់កីឡាករ-កីឡាការិនីខ្លួនឯងផ្ទាល់ផងដែរ។ ចំពោះកីឡាករ-កីឡាការិនីតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា នៅពេលមានឱកាសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះគឺមានកិត្តិយសខ្លាំងណាស់។
ឯកឧត្តម ហង់ជួន ណារ៉ុន ក៏បានផ្តាំផ្ញើទៅដល់គ្រូបង្វឹក និងអត្តពលិកទាំងបីរូបដែលបានជាប់ជាបេក្ខភាពទៅចូលរួមការប្រកួតព្រឹត្តិការណ៍លំដាប់ពិភពលោកនៅប្រទេសបារាំង ឆ្នាំ២០២៤នេះ ពេលធ្វើដំណើរត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ទៅណាមកណាគឺត្រូវមានគ្នាជាក្រុម ដែលផ្តល់ភាពកក់ក្តៅសម្រាប់ខ្លួនឯង។ អ្វីដែលពិសេសនោះគឺរក្សាបាននូវិន័យ មិនថាពេលហ្វឹកហាត់ ប្រកួតត្រូវធានាឱ្យបាននូវការបង្ករឱ្យមានបញ្ហាអ្វីផ្សេងៗកើតឡើង។
ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ព្រឹត្តិកាតណ៍អូឡាំពិកនេះ គឺសម្រិតសម្រាំង និងចម្រាញ់យកនូវកីឡាករ-កីឡាការិនីឆ្នើមមកពីបណ្តាប្រទេសផ្សេងៗគ្នាមកចូលរួម។ សម្រាប់វិញ្ញាសាប្រកួតវិញក៏មានភាពលំបាកខ្លាំងដែរអត្តពលិកនីមួយៗទម្រាំមកដល់ចំនុចធំនេះបានគឺស្វិតស្វាញ និងតស៊ូព្យាយាមណាស់។ ដូចនេះហើយ ពេលដែលយើងទទួលបានឪកាសចូលរួមយើងត្រូវប្រឹងប្រែងឪ្យអស់ពីលទ្ធភាព ប្រកួតដើម្បីលើកមុខមាត់ប្រទេសជាតិ ។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា ក៏បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក្រសួងអប់រំ ដែលបានគិតគូយ៉ាងខ្លាំង ចំពោះវិស័យកីឡា និងអត្តពលិកពិសេសគឺបានផ្តល់ភាពកក់ក្តៅចំពោះប្រតិភូគ្រូបង្វឹកកីឡាករកីឡាការិនី ដែលត្រូវទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។
សូមបញ្ជាក់ថា កម្ពុជាមានអត្តពលិក ០៣រូបលើ២ប្រភេទកីឡាចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ក្រុងប៉ារីស ប្រទេសបារាំង ក្នុងនោះមានកីឡាករអត្តពលកម្ម ឈុន ប៊ុនថន រីឯហែលទឹកមានកីឡាករកីឡាការិនី ០២រូប គឺកីឡាករ កូសុង ដឺ ឡាបរ៉ារ៉ង អង់ត្វ័ន ម៉ាតាំង ក្លូឌ និងកីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា។ អ្នកទាំង៣រូបនេះ ទទួលបានសិទ្ធិអនុគ្រោះសម្រាប់ការចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ២០២៤នៅក្រុងប៉ារីស ប្រទេសបារាំង ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២៦ កក្កដា ដល់១១ សីហា ឆ្នាំ២០២៤៕
រូបភាព និង អត្ថបទ ៖ ជាវ ចន្ធូ