ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ ការដាំដើមឈើបន្ថែមពីលើឈើធម្មជាតិដើម្បីបង្កើនភាពបៃតងក្នុងសហគមន៍ និងបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ
(ភ្នំពេញ)៖ ការដាំដើមឈើបន្ថែមពីលើឈើធម្មជាតិដើម្បីបង្កើនភាពបៃតងក្នុងសហគមន៍ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនិងបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ និងធ្វើឱ្យសម្បូណ៌បែបឡើងវិញនូវជីវៈចម្រុះ។
នេះជាការបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះក្នុងពិធីដាំកូនឈើនៅសាលាបឋមសិក្សានិងអនុវិទ្យាល័យកសាង ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។
ពិធីដាំកូនឈើនេះធ្វើឡើងដើម្បីចូលរួមអបអរសាទររុក្ខទិវា ៩ កក្កដា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោកជំទាវ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន មន្ត្រីអប់រំក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បញ្ជាក់ថា ធនធានធម្មជាតិពិតជាសំខាន់ណាស់ចំពោះមនុស្សជាតិ ព្រោះធម្មជាតិបានផ្តល់នូវអ្វីៗទាំងអស់ដើម្បីមនុស្សអាចរស់រានមានជីវិតបាន។ ភាគច្រើននៃម្ហូបអាហារដែល មនុស្សបរិភោគគឺបានមកពីធម្មជាតិ។ ការដាំដើមឈើនៅក្នុងសហគមន៍នៅពេលនេះ ជាចំណែកមួយនៃការចូលរួមធ្វើឱ្យសហគមន៍មានភាពបៃតង។ «សូមថែរក្សាឈើដែលយើងបានដាំដើម្បីឱ្យវារីកលូតលាស់ធំធាតុ និងសូមបងប្អូនចូលរួមការពារនិងអភិរក្សព្រៃឈើធម្មជាតិនៅក្នុងតំបន់អភិរក្សឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត»។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់ថា ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ក្នុងការដាំដើមឈើ មិនត្រឹមតែបង្កើភាពបៃតង បង្កើនគម្របព្រៃឈើ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែដើមឈើដែលបានដាំនៅពេលនេះ នឹងក្លាយជាព្រៃឈើនិងកេរដំណែលធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ ហើយក៏ជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរនាអនាគតផងដែរ ។
ការចូលរួមថែរក្សា ការពារព្រៃឈើ និងដាំកូនឈើ នៅគ្រប់ទីកន្លែងដើម្បីបានជាប្រយោជន៍ដល់ការរស់នៅរបស់មនុស្ស សត្វ និងប្រព័ន្ធជីវៈចម្រុះ ការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ឱ្យបានគង់វង្សជាសម្បត្តិរបស់មនុស្សជាតិ។
ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ យុវជន និង សិស្សានុសិស្សទាំងអស់ បន្តចូលរួមដាំដើមឈើ ថែរក្សាបរិស្ថាន ថែរក្សាព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិអោយបានល្អដើម្បីផលប្រយោជន៍រួម ។ «ការដាំដើឈើមួយដើម គឺស្មើរនឹងការបណ្តុះកោសិកាសួតមួយ នៃភពផែនដី»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី ៕
ដោយ ៖ ង៉ាន់ ទិត្យ