អភិបាលខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋដាំឈើហូបផ្លែ ដាំដើមឈើនិងបន្លែបង្ការកុំទុកដីទំនេរ
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមដាំដើមឈើ ,ដាំឈើហូប ផ្លែនិងដាំបន្លែបង្ការគ្រប់ប្រភេទនៅជុំវិញផ្ទះរបស់ខ្លួន។កុំទុកដីឱ្យទំនេរចោល។ធ្វើដូចនេះដើម្បីបង្កើនសោភណភាពបៃតងនិងដើម្បីចំណូលគ្រួសារ ផងដែរ។ការអំពាវនាវនេះក្នុង “ពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៤” នៅស្ថានីយផ្សព្វផ្សាយនិងស្ដារព្រៃឈើ សំបួរមាស ស្ថិតក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមវត្តមានឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សា ខេត្តកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងពិធីដាំកូនឈើ របស់ខេត្ត លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងបានឱ្យ ដឹងថាសម្រាប់ពិធីរុក្ខទិវាឆ្នាំ២០២៤នេះខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានត្រៀមកូនឈើប្រណីតកូនឈើសំណង់និងកូនឈើលំអប្រមាណ៧៦០០ដើមសម្រាប់ដាំនិងចែកចាយជូនដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធី។ចំណែកកូនឈើប្រមាណ ២៥ ០០០ដើមផ្សេងទៀត ត្រូវបានត្រៀមបម្រុងទុកសម្រាប់ចែកជូនដល់រដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ និងសម្រាប់ដាំនៅក្នុងយុទ្ធនាការ”ផ្ទះ១ខ្នង ដើមឈើ១ដើម “ដែលបាននិងកំពុងធ្វើឡើងនៅទូទាំងខេត្ត កន្លងមក.
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា”រុក្ខទិវា”ត្រូវបានចាត់ទុកជាពិធីបុណ្យជាតិ
សម្រាប់ថ្នាក់ជាតិ និងថ្នាក់ខេត្ត ។រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តតែងតែប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំនៅថ្ងៃទី៩ ខែកក្កដា។ ដោយឡែកការអនុវត្តយុទ្ធនាការ “ផ្ទះ១ខ្នង ដើមឈើ១ដើម”ដែលរដ្ឋបាលខេត្ត និង អាជ្ញាធរតាមបណ្តាស្រុក-ក្រុង បានចាប់ផ្ដើមកាលពីថ្ងៃទី១១ខែកក្កដាកន្លងទៅក៏បាននិងកំពុងបន្តដាំដើមឈើទាំងនោះនៅតាមទីប្រជុំជនក្រុងស្រុកទាំង១៤នៅទូទាំងខេត្តបាត់ដំបង ដើម្បីជំរុញដល់ការលើកកម្ពស់សោភណភាព បរិស្ថានបៃតងនិងដើម្បីជាគុណប្រយោជន៍ទុកជូន សម្រាប់អ្នកជំនាន់នេះនិងអ្នកជំនាន់ក្រោយៗទៀត។យុទ្ធនាការនេះនៅតែបន្តធ្វើដោយមិនមានកាលកំណត់ពេលវេលាឡើយ៕
អត្ថបទ-រូបភាព ៖ អ៊ុក សំអាន