ខេត្តកំពតដាំកូនត្នោតជាងមួយម៉ឺនដើមនៅសងខាងផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម

កំពត ៖អាជ្ញាធរខេត្តកំពតបានដាំដើមត្នោតជាង១៧.០០០ដើម នៅតាមខ្សែក្រវាត់ព្រំដែន កម្ពុជា-វៀតណាមស្ថិតក្នុង ភូមិសាស្ត្រ​នៃស្រុកកំពង់ត្រាច នៅក្នុងពិធី “រុក្ខទិវា” បីឆ្នាំកន្លងមកនេះ។ការជ្រើសរើសដាំកូនត្នោតនេះដើម្បីបំផុសស្មារតី ប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយឱ្យស្រឡាញ់ព្រៃឈើ។ម៉្យាងទៀត​ដើមត្នោតដែលជារុក្ខជាតិសំគាល់អត្តសញ្ញាណជាតិខ្មែរ
ទៀតផង។

មានប្រសាសន៍នៅក្នុងពិធីអបអរសាទរ «រុក្ខទិវា» ៩ កក្កដា ឆ្នាំ២០២៤  ដែលប្រារព្ធនៅកោះវែង ភូមិកោះចំការឃុំបឹង សាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពតនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ដោយមានវត្តមានឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តផង   ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​កំពត បានបញ្ជាក់ថា ការដាំកូនឈើនិងដាំកូនត្នោតនៅសងខាង ផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែងបីគីឡូម៉ែត្រនា​ពេលនេះ គឺដើម្បីទុកជាប្រវត្តិសាស្រ្តទៅថ្ងៃមុខ និងបំផុសឱ្យ​យុវជនជំនាន់ក្រោយស្រឡាញ់ព្រៃឈើ និងដើមត្នោត។  ការនាំគ្នាដាំដើមត្នោត ពិតជាមានតម្លៃឥតគណនា ដោយសារ​ដើមត្នោតជារុក្ខជាតិសំគាល់អត្តសញ្ញាណជាតិខ្មែរ ។ត្នោតបានផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងផង។

លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តកំពតបានឱ្យដឹងថា យោងតាមអនុសាសន៍ណែនាំ របស់ឯកឧត្តមអភិបាលខេត្តកំពត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងខណ្ឌរដ្ឋបាលព្រៃឈើកំពត បានបណ្តុះ​គ្រាប់ត្នោត ទុកចែកជូនប្រជាកសិករដែលរស់នៅតាមព្រំដែន កម្ពុជា-វៀតណាមដាំឱ្យបានពីបួន ទៅប្រាំកូនត្នោតក្នុង​មួយគ្រួសារ។ការដាំដើមត្នោតនៅសងខាងផ្លូវខ្សែក្រវាត់ព្រំដែន កម្ពុជា-វៀតណាម នេះដែរ បានធ្វើចំនួនបីលើកក្នុងភូមិសាស្ត្រ ស្រុកកំពង់ត្រាច ។លើកទី១ នៅឆ្នាំ២០២២ ដាំបាន ៥.០០០​ដើម, លើកទី២ នៅឆ្នាំ២០២៣ ដាំបាន៧.៥០០ដើម និងលើក​ទី៣នេះ ដាំដើមត្នោតបាន៤.៥០០ដើម។ សរុបរយៈ​ពេលបី​ឆ្នាំនេះ អាជ្ញាធរខេត្តកំពតដាំត្នោតបាន១៧.០០០ដើម៕
ដោយ៖ សិលា សារិន

ads banner