ឯកឧត្តម នេត្រ ភក្ត្រា ៖ ប្រជាជនកម្ពុជានឹងប្តូរមកប្រើប្រាស់ឡានអគ្គិសនីកាន់តែច្រើន ដើម្បីថែរក្សាបរិស្ថាន
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា នាពេលអនាគត ប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗនឹងពិចារណាប្តូរមកប្រើប្រាស់ឡានអគ្គិសនី និងចូលរួមថែរក្សាបរិស្ថានដូចជារថយន្ត ZEEKR ខណៈរាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ខ្លាំងចំពោះការការពារបរិស្ថាន គំនិតច្នៃប្រឌិតថ្មីៗ និងលើកទឹកចិត្តដល់ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីផលិតផលិតផលមានគុណភាពខ្ពស់ ផ្តល់ឱ្យប្រជាជននូវជម្រើសមធ្យោបាយធ្វើដំណើរប្រកបដោយភាពឆ្លាតវៃ និងបែបផែនបៃតង។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត ZEEKR នៅថ្ងៃទី២០ ខែកក្កដាថា ដូចដែលអ្នកទាំងអស់គ្នាបានដឹងរួចមកហើយ ការធ្វើដំណើរបែបផែនបៃតង ការអភិរក្សថាមពល និងការការពារបរិស្ថាន គឺជាការខិតខំប្រឹងប្រែងរួមគ្នារបស់យើងទាំងអស់គ្នា។ រថយន្ត ZEEKR របស់ក្រុមហ៊ុន One Road Group បានបង្កប់នូវគំនិតច្នៃប្រឌិតនេះនៅក្នុងការផលិតរបស់ខ្លួន។ រថយន្តនេះ មិនត្រឹមតែអាចកាត់បន្ថយការប្រើប្រាស់លើឥន្ធនៈហ្វូស៊ីល និងកាត់បន្ថយការបំភាយឧស្ម័នកាបូនប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត វាក៏រួមចំណែកនៅក្នុងការពង្រីកមធ្យោបាយធ្វើដំណើរបៃតងនៅកម្ពុជា និងពិភពលោកផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា រាជរដ្ឋាភិបាលកំពុងអនុវត្ត «យុទ្ធសាស្រ្តអភិវឌ្ឍន៍ពេលវែងប្រកបដោយអព្យាក្រឹតកាបូន» ដើម្បីការកាត់បន្កយការបញ្ចេញឧស្ម័នពីវិស័យថាមពល ការដឹកជញ្ជូន ការលើកកម្ពស់ប្រសិទ្ធ ភាពថាមពល និងចូលរួមបង្កើនការងារបន្ថែមប្រមាណ ៤៤៩.០០០កន្លែងនៅឆ្នាំ២០៥០។
លោក Jiao Jinfeng នាយករងក្រុមហ៊ុន One Road Group បានបញ្ជាក់ថា ការចាប់យកទីផ្សារកម្ពុជាសម្រាប់ឡានអគ្គិសនី ZEEKR នេះ គឺបានដើរស្របទៅនឹងទិសដៅ «ខ្សែវាត់ និងផ្លូវ» របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលក្រុមហ៊ុនបានផ្តើមចេញពីទីផ្សារនៅមជ្ឈឹមបូព៌ារហូតដល់តំបន់អាស៊ាន។ អាជីវកម្មរបស់យើង គឺផ្តោតលើទីផ្សារមជ្ឈឹមបូព៌ា ហើយបន្តិចម្តងៗយើងបានពង្រីកខ្លួនមកដល់តំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង អាហ្វ្រិកខាងកើត អាហ្វ្រិកខាងជើង អឺរ៉ុបខាងត្បូង និងតំបន់ផ្សេងៗទៀតនៅតាមបណ្តាលប្រទេសក្រោមគោលនយោបាយខ្សែក្រវាត់ និងផ្លូវ។
លោកនាយករងបន្ថែមថា បច្ចុប្បន្ន ឡានអគ្គិសនី ZEEKR បានគ្របដណ្តប់លើទីផ្សារចំនួន២០ប្រទេស និងតំបន់។ នៅក្នុងតំបន់អាស៊ាន ក្រៅពីកម្ពុជា, ទីតាំងលក់ឡានអគ្គិសនី ZEEKR ក៏មាននៅថៃ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងវៀតណាមផងដែរ។ លោកស្រី Chen Lingjun ប្រធានផ្នែកគ្រប់គ្រងឡានអគ្គិសនី ZEEKR ប្រចាំតំបន់អាស៊ាន បានឱ្យដឹងថា មកទល់បច្ចុប្បន្ន ZEEKR ត្រូវបានចែកចាយទូទាំងពិភពលោកក្នុងចំនួន២៨ម៉ឺនគ្រឿង។ លោកស្រីបន្ថែមថា ចំនួននេះបានបង្កើតកំណត់ត្រាសម្រាប់ការលក់ដ៏លឿនបំផុតនៃម៉ាករថយន្តអគ្គិសនីរបស់ចិន។ ZEEKR គឺជាម៉ាករថយន្តអគ្គិសនីថ្មី ដែលក្រុមហ៊ុន One Road Group ទើបបង្កើតឡើងនាអំឡុងឆ្នាំ២០២១ប៉ុណ្ណោះ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ មានយានយន្តអគ្គិសនីចំនួន ២,៩៦៨គ្រឿងត្រូវបានចុះបញ្ជី។ ក្នុងចំណោមរថយន្តអគ្គិសនីទាំងអស់ ដែលបានចុះបញ្ជីនៅក្រសួង មាន៦៥៨គ្រឿងជារថយន្តរបស់ក្រុមហ៊ុនចិន BYD និងមាន ២៦១គ្រឿងជារបស់ក្រុមហ៊ុនជប៉ុន Toyota ហើយ ១៨៦គ្រឿងទៀតជារថយន្តអគ្គិសនី TESLA របស់អាមេរិក៕ អត្ថបទ៖ ឈឹម ទីណា