ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា ពិនិត្យ ព្យាបាលជំងឺ អប់រំសុខភាព និងផ្តល់អាហារបំប៉នដោយឥគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកបសេដ្ឋ
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក )ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺ អប់រំសុខភាពនិងផ្តល់អាហារបំប៉ន ដោយឥគិតថ្លៃ ជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងវិទ្យាល័យស្លាប លែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមានសិស្សានុសិស្ស លោកគ្រូអ្នកគ្រូនិងប្រជាពលរដ្ឋប្រមាណ ២០០០នាក់។
ក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក )បានបង្កើតឡើងដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្កើតឡើងនាឆ្នាំ២០០៤ហើយមានបេសកកម្មព្យាបាលបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ គោលដៅក្រុមគ្រូពេទ្យនេះបានព្យាបាលបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅឆ្ងាយពីសេវាសុខាភិបាល ហើយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះមកព្យាបាលបងប្អូនប្រជាពលរដ្ឋបានប្រមាណជាង ៦៨ ម៉ឺននាក់មកហើយ។ក្នុងនោះក្រុម គ្រូពេទ្យបានធ្វើការព្យាបាលជំងឺទូទៅ -ជំងឺមនុស្សចាស់ -កុមារ -ភ្នែក -ច្រមុះត្រចៀក -បេះដូងប្រមាណ ១៣ ផ្នែក។
ដោយឡែកសកម្មភាពនៅស្រុកបសេដ្ឋនេះដែរក្រុមគ្រូពេទ្យធ្វើការព្យាបាល ជំងឺគ្រប់ប្រភេទ នឹងធ្វើការវះកាត់ ទៅដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូនៅក្នុងវិទ្យាល័យស្លាបលែង ដោយភ្ជាប់មកជាមួយនឹងសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត និងបានផ្ដល់ជូននូវអាហាររូបត្ថម្ភ ដោយមានវីតាមីនចម្រុះ ធ្វើយ៉ាងណាដើម្បីបំប៉នសរីរាង្គកាយរបស់ សិក្សានុសិស្សឱ្យមានភាពរឹងមាំ។
ឯកឧត្តមបណ្ឌិត ហេង សុខគង់ បានបញ្ជាក់ថា ដោយមានចូលរួមអប់រំ ពីវិស័យសុខាភិបាលរបស់រដ្ឋ បូករួមជាមួយក្រុមគ្រូពេទ្យ ឯកឧត្តម ហ៊ុន ម៉ានី ផង ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ។ មានការយល់ដឹងកាន់តែច្បាស់អំពីការថែរក្សាសុខភាព។ ដោយមានយន្តការអប់រំរបស់ក្រសួងសុខាភិបាល និងនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី តាមបណ្ដាញសង្គមផ្សេងៗ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ នៅគ្រប់ច្រកល្ហកទាំងអស់មានការយល់ដឹងកាន់តែច្បាស់ អំពីសុខមាលភាពសាធារណៈ។ សុខមាលភាពសាធារណៈ គឺជាការងារចាំបាច់ក្នុងការចូលរួមតម្រង់ទិស ក្នុងវិស័យសុខាភិបាល ដោយមានឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ យឹម ឆៃលីន បានយកចិត្តទុកដាក់ ពីសុខទុក្ខ និងសុខភាពបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសផងដែរ៕
ដោយៈម៉ុនសំអាត