ក្រុមអ្នកជំនាញបញ្ចប់ការងារជួសជុលសំណង់ព្រះវិហារបុរាណវត្តព្រះឥន្ទកោសីយ៍
ភ្នំពេញ៖ក្រុមការងារផ្នែកអភិរក្ស និងជួសជុលសំណង់ព្រះវិហារបុរាណ នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ របស់អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលទាំងស្រុងនូវសំណង់ព្រះវិហារបុរាណមួយ នៅបរិវេណវត្តព្រះឥន្ទកោសីយ៍។នេះបើយោងតាមប្រភពអាជ្ញាធររជាតិអប្សរា។
ប្រភពដដែលស្រង់សម្ដីលោក ស៊ឹម ប៊ុនធឿន អនុប្រធាននាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍មកបញ្ជាក់ ថា សំណង់ព្រះវិហារបុរាណនៅវត្តព្រះឥន្ទកោសីយ៍ដែលបានបញ្ចប់ការជួសជុលទាំងស្រុងហើយនៅពាក់កណ្ដាលខែកក្កដានេះ បន្ទាប់ពីចាប់ផ្តើមពីដើមឆ្នាំ២០២៤មក។ លោកបន្តថា ព្រះវិហារដែលមានរាងតូចច្រឡឹងមួយនេះខូចខាតខ្លាំងនៅផ្នែក ដំបូលដែលពេលជួសជុលត្រូវប្រើសម្ភារថ្មីច្រើន តែជាសម្ភារដូចរបស់ដើម ចំណែកផ្នែកផ្សេងទៀតដែលមានការខូចខាត ស្ថិតក្នុងកម្រិតនៃការជួសជុលបាន ហើយក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានជួសជុល និងអភិរក្សឡើងវិញ ដោយរក្សានូវទម្រង់ដើមទាំងស្រុង។
ចំពោះគុណតម្លៃនៃសំណង់ព្រះវិហារខាងលើនេះ លោក ស៊ឹម ប៊ុនធឿន ពន្យល់ថា វាមានតម្លៃមិនអាចកាត់ថ្លៃបាន។ ជាគុណតម្លៃរួម សំណង់វិហារនេះបានបង្ហាញពីប្រវត្តិសាស្រ្ត និងសិល្បៈដ៏យូរលង់របស់ខ្មែរដែលមានអាយុជិត១០០ឆ្នាំ ហើយដែលបុព្វការីជនអ្នកមានជំនឿក្នុងព្រះពុទ្ធសាសនានៅពេលនោះមានសទ្ធាសាងសង់ព្រះវិហារនេះឡើងដើម្បីទុកជាមរតកសម្រាប់អ្នកជំនាន់ក្រោយថែរក្សា។ ចំណែកតម្លៃជារូបរាងវិញ ព្រះវិហារនេះសង់លើខឿនខ្ពស់ពីដីបន្តិច មានរាងតូចត្រឡឹង មិនធំពេក និងមិនតូចពេក ងាយស្រួលការគោរព និងថែទាំអភិរក្ស។
សម្រាប់លោក ស៊ឹម ប៊ុនធឿន សំណង់នេះបង្ហាញពីស្ថាបត្យកម្មជំនាន់នោះដែលគិតគូរវែងឆ្ងាយទៅអនាគតបើសំណង់ខ្ពស់ ពេក ធ្វើឱ្យបាត់បង់សោភណភាពនៅផ្នែកណាមួយមិនខាន។
ជាអ្នកស្រឡាញ់ និងអភិរក្សសំណង់បុរាណមួយរូប លោក ស៊ឹម ប៊ុនធឿន ស្នើឱ្យតាមវត្តអារាមទាំងអស់ ត្រូវចូលរួមថែរក្សាព្រះវិហារបុរាណ កុំព្យាយាមរុះរើសំណង់ចាស់ចោល សង់សំណង់ថ្មី ព្រោះសំណង់ទាំងបង្ហាញពីប្រវត្តិ សិល្បៈ និងវប្បធម៌ដ៏ផូរផង់របស់ជាតិខ្មែរទាំងមូល។
គ្រូសូត្រឆ្វេងវត្តព្រះឥន្ទកោសីយ៍ ព្រះអង្គ សន វាសនា មានថេរដីកាថ្លែងអំណរគុណដល់ក្រុមការងារ អាជ្ញាធរជាតិអប្សរា ដែលខិតខំជួសជុលព្រះវិហារបុរាណខាងលើបានជោគជ័យជាស្ថាពរ។ ព្រះអង្គក៏បានផ្តាំផ្ញើទៅពុទ្ធបរិស័ទ និងព្រះសង្ឃទាំងអស់ក្នុងវត្តដែលមានវិហារចាស់ៗ ឬថ្មីៗ សូមជួយអភិរក្ស ថែរក្សាជារឿយៗ ដើម្បីបង្ការកុំឱ្យសំណង់ទាំងនោះខូចខាតខ្លាំង។ សម្រាប់ព្រះអង្គ សន វាសនា ព្រះវិហារជាចំណុចសំខាន់ ឬជាបេះដូងនៃទីសក្ការៈបូជារបស់សាសនា ហើយព្រះអង្គសុំឱ្យព្រះសង្ឃទាំងអស់ កុំចង់បានរបស់ថ្មី ដោយវាយសំណង់ចាស់ចោលផ្ទុយទៅវិញសំណង់បុរាណទាំងនោះមានគុណតម្លៃផ្នែកបេតិកភណ្ឌជាតិជាច្រើន៕
ដោយ៖ដេប៉ូ