ដំណាំស្រូវរងគ្រោះដោយសារដង្កូវហ្វូង នៅខេត្តសៀមរាបជាង៨០ភាគរយត្រូវបានសង្គ្រោះ
ភ្នំពេញ៖ មន្ទីរកសិកម្មខេត្តសៀមរាបបានឱ្យដឹងថា ដំណាំស្រូវ របស់កសិករក្នុងក្រុងស្រុកចំនួនប្រាំទំហំ១៥៩ហិកតា ដែល ទទួលរងគ្រោះដោយសារសត្វ ដង្កូវហ្វូង ត្រូវបានជួយសង្គ្រោះ បានផ្ទៃដី សរុប១៤០ហិកតា ស្មើនឹង៨៨ភាគរយ។
ប្រភពមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃ ទី២១ខែកក្កដា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ស្ថិតិផ្ទៃដីនៃផលប៉ះពាល់ដោយដង្កូវហ្វូងបំផ្លាញដំណាំស្រូវសរុប១៥៩ហិកតាលើក្រុង ស្រុកចំនួនប្រាំ ឃុំចំនួនប្រាំមួយ ភូមិចំនួន ១២ និងកសិកររងគ្រោះមានសរុបចំនួន ២២១គ្រួសារ។ ក្នុង ចំនួននេះ មន្រ្តីជំនាញបានជួយសង្គ្រោះផ្ទៃដីសរុប១៤០ហិកតា ស្មើនឹង ៨៨ភាគរយ។
ចំពោះក្រុងស្រុកទាំងប្រាំដែលទទួលរងគ្រោះមានស្រុកស្រីស្នំ ផ្ទៃដី៨ ហិកតា សង្គ្រោះបាន ៨០ភាគរយ, ស្រុកពួកផ្ទៃដី ៧៥ហិកតា សង្គ្រោះបាន ៨០ភាគរយ, ស្រុកអង្គរជុំ ផ្ទៃដីមួយ ហិកតា សង្គ្រោះបាន ១០០ភាគរយ,ស្រុកអង្គរធំ ផ្ទៃដី ៦០ ហិកតា សង្គ្រោះបាន ១០០ភាគរយ និងក្រុងរុនតាឯកតេ ជោ សែន ផ្ទៃដី១៥ ហិកតា សង្គ្រោះបាន ៨០ភាគរយ។
ចំពោះផ្ទៃដីប៉ះពាល់នៅសល់កំពុងត្រូវបានសង្គ្រោះបណ្តើរៗ។ស្របពេលជាមួយនឹងមានភ្លៀងធ្លាក់ជោកជាំដែលបានជួយដល់ ការបញ្ចប់នៃរាលដាលរបស់ដង្កូវហ្វូងនៅពេលខ្លីខាងមុខនេះ។
នៅក្នុងកិច្ចប្រតិបត្តិការកម្ចាត់ដង្កូវនេះមន្ត្រីបច្ចេកទេសនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបានសហការជាមួយមន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យ តាមដាន ផ្សព្វផ្សាយ និង ណែនាំពីវិធានការចម្រុះកម្ចាត់ដង្កូវហ្វូងសំខាន់ៗរួមមាន ការ កម្ចាត់ជម្រកដង្កូវ និងមេអំបៅ ដោយការសម្អាតស្មៅ និងកាក សំណល់នៅ ជុំវិញស្រែ ការកម្ចាត់មេអំបៅដោយប្រើអន្ទាក់ជូរ ផ្អែម និងការកម្ចាត់ដង្កូវដោយប្រើវិធីសាស្ត្រមេកានិច និងវិធានការប្រើប្រាស់ថ្នាំគីមីដែលជាវិធានការចុងក្រោយ៕
ដោយ៖មុនី