មេដឹកនាំពិភពលោកសោកស្តាយ ក្រោយលោក បៃដិន ដកខ្លួនពីការបោះឆ្នោត

វ៉ាស៊ីនតោន៖ មេដឹកនាំពិភពលោកសម្តែងនូវការសោកស្តាយ និងគោរពតាមការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃអាទិត្យ ក្រោយប្រកាសថា គាត់នឹងចាកចេញពីការប្រជែងតំណែងប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២។

លោក Biden បានប្រកាសពីការសម្រេចចិត្តរបស់គាត់ នៅក្នុងសារលិខិតមួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ដែលនេះជាការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ហើយជំរុញឱ្យមានការប្រជែងតំណែងនៅក្នុងសេតវិមានក្នុងឆ្នាំ ២០២៤។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា ខ្ញុំដឹងថា នៅពេលប្រកាសពីការសម្រេចចិត្តចុងក្រោយរបស់អ្នក (លោក Biden)… វាប្រហែលជាការលំបាកបំផុតក្នុងជីវិតរបស់អ្នក។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា លោកគោរពតាមការសម្រេចចិត្តរបស់លោក Biden ហើយថា អង់គ្លេសនឹងបន្តធ្វើការជាមួយអាមេរិក ក្នុងអំឡុងពេលដែលនៅសល់នៃតំណែងប្រធានាធិបតីរបស់គាត់។

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា មិត្តរបស់ខ្ញុំ Joe Biden បានសម្រេចជាច្រើន សម្រាប់ប្រទេសរបស់គាត់ សម្រាប់អឺរ៉ុប សម្រាប់ពិភពលោក ដូច្នេះការសម្រេចចិត្តរបស់គាត់ គឺសមនឹងទទួលបានការគោរព។

ប្រធានាធិបតី អ៊ីស្រាអែល លោក Isaac Herzog បបាននិយាយថា ខ្ញុំចង់ថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោក Joe Biden សម្រាប់មិត្តភាពរបស់គាត់ និងការគាំទ្រយ៉ាងខ្ជាប់ខ្ជួនសម្រាប់ប្រជាជនអ៊ីស្រាអែល។

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា លោក Biden ជាបុរសដ៏អស្ចារ្យម្នាក់ ហើយអ្វីគ្រប់យ៉ាងដែលគាត់ធ្វើ គឺដឹកនាំដោយសេចក្តីស្រឡាញ់របស់គាត់ចំពោះប្រទេសរបស់គាត់។ ក្នុងនាមជាប្រធានាធិបតី គាត់គឺជាដៃគូសម្រាប់ប្រជាជនកាណាដា និងជាមិត្តពិត។

បន្ទាប់ពីការបោះបង់ការប្រជែងតំណែងប្រធានាធិបតីអាណត្តិថ្មី លោក Biden បានបង្ហាញការគាំទ្រអនុប្រធានាធិបតីរបស់គាត់ គឺលោកស្រី Kamala Harris ដែលទើបត្រូវបានតែងតាំងជាបេក្ខភាពថ្មីពីសំណាក់គណបក្សប្រជាធិបតេយ្យ៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner