រយៈពេលជាង ២០ឆ្នាំមកនេះ រកឃើញកូនក្រពើភ្នំញាស់តាមធម្មជាតិ និងកូនក្រពើភ្នំ បង្កាត់ជាង ៧០០ក្បាល

ភ្នំពេញ៖ អង្គការសត្វព្រៃ និងរុក្ខជាតិ បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០០២មក តាមរយៈការតាមដាន និងសិក្សាស្រាវជ្រាវរហូតមកដល់ពេលបច្ចុប្បន្ន គេបានរកឃើញពងក្រពើភ្នំ ដែលបានញាស់ជាកូនលក្ខណៈបែបធម្មជាតិមានចំនួន២៣៦ក្បាល និងក្នុងនេះ កូនក្រពើភ្នំ ដែលធ្វើការបង្កាត់ចាប់តាំងពីឆ្នាំ២០១១មក បានញាស់ ៤៨៤ក្បាល សរុបមានចំនួន ៧២០ក្បាល។

លោក លូ វន្នី ប្រធានកម្មវិធីអភិរក្សដីគោកនៃអង្គការសត្វព្រៃ និងរុក្ខជាតិ បានប្រាប់ AMS ឱ្យដឹងថា តំបន់ជួរភ្នំក្រវាញ ដែលជាតំបន់ដាច់ស្រយាលរបស់ប្រទេសកម្ពុជា គឺមានវត្តមានសត្វក្រពើភ្នំច្រើនជាងគេ ក្នុងចំណោមកន្លែងដទៃទៀត ដូចជាទំបន់ទន្លេស្រែពក ខេត្តមណ្ឌលគិរី ជាដើម ។

លោកបាននិយាយថា ជាង ២០ឆ្នាំមកនេះ ក្នុងការតាមដានពី សំបុកកូនក្រពើភ្នំ គេបានរកឃើញមានកូនក្រពើភ្នំញាស់តាមលក្ខណៈធម្មជាតិ សរុបចំនួន ២៣៦ក្បាល ។ ក្រៅពីនេះសម្រាប់អង្គការសត្វព្រៃ និង រុក្ខជាតិ មានស្ថានីយបង្កាត់កូនក្រពើភ្នំនៅសួនសត្វភ្នំតាម៉ៅ ចាប់តាំងពីឆ្នាំ២០១១មកដល់ពេលបច្ចុប្បន្នបានធ្វើការបង្កាត់កូនក្រពើញាស់បានសរុបចំនួន ៤៨៤ក្បាល និងក្នុងចំណោមកូនក្រពើទាំងនេះក៏បានលែងក្នុងជម្រកធម្មជាតិបាន ១៩៦ក្បាល នៅតំបន់ជួរភ្នំក្រវាញនេះផងដែរ ។ ចំពោះទីតាំងដែលលែងកូនក្រពើភ្នំ គឺជាតំបន់ដាច់ស្រយាលខ្លាំងដែលកម្រមានអ្នកណាទៅដល់ណាស់ ។

ទាក់ទិនក្នុងរឿងនេះ លោក លូ វន្នី ឱ្យដឹងបន្ថែមថា៖តំបន់ជួរភ្នំក្រវាញគឺជាទីតាំងដែលមានវត្តមានក្រពើភ្នំច្រើនជាងគេដោយសារតែជាទីតាំងដាច់ស្រយាលខ្លាំង និងលក្ខខណ្ឌរស់នៅរបស់ក្រពើភ្នំល្អជាងគេ។

គួរបញ្ជាក់ថា កាលពីថ្មីៗមកនេះកូនក្រពើភ្នំចំនួន ៦០ ត្រូវបានក្រុមអ្នកជំនាញបានរកឃើញ និងវាបានញាស់ថ្មី នៅឧទ្យានជាតិជួរភ្នំក្រវាញ ភាគខាងលិចប្រទេសកម្ពុជា។ កូនក្រពើភ្នំទាំង ៦០នេះ បានញាស់ចេញពីក្នុងចំណោមពងក្រពើចំនួន១០៦ ដែលត្រូវបានរកឃើញ ក្នុង ៥សំបុកផ្សេងគ្នា កាលពីពាក់កណ្តាលខែឧសភា នៅក្នុងឧទ្យានជាតិភ្នំក្រវាញ។ កូនក្រពើភ្នំទាំងនេះ បានញាស់នៅចន្លោះពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ការរកឃើញកូនក្រពើនេះដែរត្រូវបានគេចាត់ទុកថាច្រើនបំផុតពុំធ្លាប់មាន ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ៖ ចំពោះសត្វក្រពើភ្នំនេះ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មសហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ កម្ពុជា បានខិតខំជ្រើសរើស ពូជក្រពើភ្នំសុទ្ធមកបង្កាត់ហើយដាក់ចូកទៅក្នុងជម្រកធម្មជាតិវិញ ក្នុងដែនអភិរក្សបរិស្ថាន ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានលើកឡើងថា៖ ក្រសួងបរិស្ថានបាន និងកំពុងធ្វើការអភិរក្ស និង ស្តារទីជម្រក របស់ក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុតក្នុងធម្មជាតិ។

ដោយឡែក លោក ផាប្លូ ស៊ីណូវាស (Pablo Sinovas) នាយកប្រចាំប្រទេស នៃអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជាបានប្រាប់ថា៖ “អស់រយៈពេលជាងមួយទស្សវត្សរ៍មកហើយដែលអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ជាមួយនឹងដៃគូរបស់យើង បានខិតខំប្រឹងប្រែងក្នុងបេសកកម្មក្នុងការជំរុញការកើនឡើងនៃចំនួនសត្វក្រពើភ្នំ នៅតំបន់ជួរភ្នំក្រវាញ នៃប្រទេសកម្ពុជា ។ ការងាររបស់យើងនេះ មិនត្រឹមតែទាក់ទងនឹងការបង្កាត់ពូជក្រពើភ្នំសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែយើង ធ្វើការដើម្បីធានាឱ្យបានថាពួកវាមានទីជម្រកសមរម្យដែលត្រូវលែងទៅក្នុងធម្មជាតិវិញ” ។

គួរបញ្ជាក់ថា អង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ(WWF)បានឱ្យដឹង​នាថ្មីៗ​នេះថា ប្រទេសកម្ពុជា គឺជាប្រទេសដែលសំបូរក្រពើភ្នំច្រើនជាងគេនៅ​លើពិភពលោក។ នៅលើពិភពលោកមានក្រពើភ្នំប្រមាណ ១០០០ក្បាល ខណៈកម្ពុជានៅសេសសល់ក្រពើភ្នំដែលជាសត្វដ៏កម្របំផុតនៅលើពិភពលោកច្រើន ជាង ៣០០ក្បាល ហើយក្នុងចំណោមនេះស្ថិតនៅក្នុងតំបន់ជួរភ្នំ​ក្រវាញ​ទឹកដីខេត្តកោះកុង និងមួយចំនួនទៀតស្ថិតនៅតាមតំបន់ទន្លេស្រែពក​ក្នុងទឹកដីខេត្តមណ្ឌលគិរី ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner