ទឹកស្ទឹងសង្កែនិងស្ទឹងនានាបានស្រកចុះបណ្តើរៗ តែអភិបាលខេត្តនៅតែបន្តអំពាវនាវឱ្យប្រុងប្រយ័ត្ន
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ស្ថានភាពទឹកស្ទឹងសង្កែនិងស្ទឹងនានា បានស្រកចុះបណ្តើរៗបន្តិចទៅវិញហើយ។ប៉ុន្តែសូមបងប្អូនដែលរស់នៅតាមដងស្ទឹងសង្កែ បន្តមានការប្រុងប្រយ័ត្នខ្ពស់ដដែល។
កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងរួមជាមួយមន្រ្តីនៃមន្ទីរជំនាញ អញ្ជើញចុះពិនិត្យមើលពីស្ថានភាពទឹក នៅលើខ្នងទំនប់អាងស្ទាក់ទឹកពហុបំណងសេកសក និងទីតាំងដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងកន្លងមកស្ថិតក្នុងភូមិសាស្ត្រស្រុករតនមណ្ឌល និងស្រុកសំឡូត ។នៅទីនោះឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថា ស្ថានភាពទឹកស្ទឹងសង្កែនិងស្ទឹងនានា បានស្រកចុះបណ្តើរៗបន្តិចទៅវិញហើយ។ប៉ុន្តែសូមបងប្អូនរស់នៅតាមដងស្ទឹងសង្កែសូមបន្តមានការប្រុងប្រយ័ត្នខ្ពស់ដដែលពីព្រោះគ្រោះធម្មជាតិមានការប្រែប្រួល។
តាមការលើកឡើងរបស់លោក សើ សាម៉េត អភិបាលស្រុកសំឡូត គឺជំនន់ទឹកភ្លៀងនៅស្រុកសំឡូត បានស្រកចុះនិងវិលទៅរកស្ថានភាពធម្មតាវិញហើយ ខណៈដែលជំនន់ទឹកភ្លៀងរយៈពេលខ្លីនេះបានបង្កនូវផលប៉ះពាល់តិចតួចបំផុតចំពោះផលដំណាំផ្សេងៗ ក្នុងមូលដ្ឋានឃុំមួយចំនួន។
ក្នុងការចុះពិនិត្យស្ថានភាពជាក់ស្តែងនៅភូមិរៃ ឃុំតាតោក ស្រុកសំឡូត ឯកឧត្តម សុខ លូ បានណែនាំដល់មន្រ្តីនៃមន្ទីរសាធារណការខេត្តថា កន្លែងដែលជំនន់ទឹកភ្លៀងបុកផ្តាច់ស្ពានឆ្លងអូរនៅទីនោះត្រូវជួយសម្រួលជួយជួសជុលឱ្យបានទាន់ពេលវេលា ដើម្បីឱ្យប្រជាពលរដ្ឋអាចចរាចរបានឡើងវិញ។
ក្នុងដំណើរពិនិត្យស្ថានភាពនេះដែរ លោក ព្រួញ រិទ្ធិថា ប្រធានមន្ទីរសាធារណការខេត្តបាត់ដំបងបានប្រាប់ទូរទស្សន៍អប្សរា ថាមន្ទីរទទួលការណែនាំនិងសំណូមរបស់ឯកឧត្តមអភិបាលខេត្ត និងពីអាជ្ញាធរផ្ទាល់។លោកនឹងចាត់មន្ត្រីជំនាញ ឱ្យចុះមកពិនិត្យមើលទីតាំងនិងបន្ទាប់ពីទឹកស្រកចុះ ។មន្ទីរនឹងរៀបចំដាក់ស្ពានដែកបេឡេ ប្រវែងជាង ២០ម៉ែត្រ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ក្នុងមូលដ្ឋានដែលមានអ្នករស់នៅជាង៤០០នាក់ ។
លោកអភិបាលស្រុកសំឡូត បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តបាត់ដំបង ដែលបានសម្រេចផ្ដល់ស្ពានថ្មីមួយកន្លែងដែលស្ថិតនៅចំណុច៥៨ ភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ដែលតែងតែរងការខូចខាតជារៀងរាល់ឆ្នាំដោយសារតែទឹកជំនន់។
សូមបញ្ជាក់ថា បើទោះបីជាស្ថានភាពទឹកបានស្រកបន្តិចទៅវិញក្តី ប៉ុន្តែរដ្ឋបាលខេត្តបាត់ដំបង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ និងតំបន់ដែលងាយរងគ្រោះត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់។ពេលមានទឹកជំនន់កើតឡើងក្នុងមូលដ្ឋាន ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋានផ្ទាល់។
ថ្មីៗនេះ រដ្ឋបាលខេត្តបានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំផែនការ អន្តរាគមន៍និងត្រៀមរៀបចំទីទួលសុវត្ថិភាព ឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋនៅពេលដែលមានគ្រោះទឹកជំនន់មកដល់។ត្រូវធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើបញ្ហាសុខភាពដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )