អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្លាំងជាច្រើនទម្លាក់ចុះតាមឧឧទ្ធម្ភាគចក្រទៅចំណុចដែលមានការសង្ស័យឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទងនៅក្បែរតំបន់អូរសោម

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានមានប្រសាសន៍ថា នៅថ្ងៃទី២២ ខែកក្កដានេះ កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទបានត្រៀមទៅចំណុចដែលមានការសង្ស័យឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅក្បែរតំបន់អូរសោម។

អ្នកនាំពាក្យក្រសួងការពារជាតិបានបន្តថា បន្ទាប់ពីមានការសង្ស័យ គឺយើងបានទម្លាក់កម្លាំងពីលើចុះតាមឧទ្ធម្ភាគចក្រចុះទៅ ដោយសារតំបន់នោះដើរព្រៃមិនបានទេ ពោលគឺព្រៃក្រាស់ ហើយក៏មានឧបសគ្គច្រើន។ ដោយកម្លាំងបានរុករកនៅជុំវិញតំបន់អូរសោមនោះ។ កម្លាំងជាច្រើនណាស់ចុះតាមឧទ្ធម្ភាគចក្រទម្លាក់ខ្សែពួរចុះទៅតែម្តង ហើយអាកាសធាតុក៏អំណោយផលតាំងពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ហើយអាចមានសង្សឹមថា នឹងអាចរកឃើញឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទងរួមជាមួយនឹងមនុស្ស២នាក់ក្នុងពេលឆាប់ៗនេះ។

ដោយមានបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការចង្អុលបង្ហាញរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ តាំងពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីបាត់ការទាក់ទងជាមួយឧទ្ធម្ភាគចក្រភ្លាមៗ បានចេញប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ព្រៃក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កងកម្លាំងចម្រុះជាង១ពាន់នាក់ បន្តប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទង កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅតំបន់ព្រៃក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។

ឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទង កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នេះ គឺមានរយៈពេល១០ថ្ងៃហើយ ពោលគឺមិនទាន់រកឃើញចំណែក ឬតម្រុយណាមួយ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនេះនៅឡើយទេ។

ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក កងកម្លាំងចម្រុះ នៅតែបន្តរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង និងសង្ស័យថាធ្លាក់ក្នុងតំបន់ព្រៃក្រាស់ ចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា បេសកកម្មប្រតិបត្តិការរុករកនេះ បានប្រើប្រាស់គ្រប់មធ្យោបាយ រួមមាន៖ កងកម្លាំងរុករកពីខាងលើតំបន់ព្រៃ ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងកម្លាំងថ្មើរជើងចូលទៅកាន់តំបន់ព្រៃក្រាស់ ជ្រោះជ្រលងភ្នំ បើទោះបីជួបការលំបាក ដោយអាកាសធាតុ និងមានភ្លៀងធ្លាក់ច្រើនយ៉ាងណាក្តី កងកម្លាំងចម្រុះ នៅតែបន្តប្រតិបត្តិការ រុករកប្រកបដោយភាពទទួលខុសត្រូវ តាមបទបញ្ជា។

សូមបញ្ជាក់ថា កងកម្លាំងដែលកំពុងបំពេញប្រតិបត្តិការ បន្តព្យាយាមរុករកនៅតំបន់សង្ស័យមួយចំនួន ដោយសង្ឃឹមថានឹងរកឃើញ ឧទ្ធម្ភាគចក្រ រួមទាំងមនុស្សផងដែរ និងសូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិនៅតំបន់នេះជួយឃុំគ្រង តាមបីបាច់ថែរក្សាមនុស្ស ក្នុងឧទ្ធម្ភាគចក្រ ឱ្យនៅមានជីវិត ដើម្បីជួបជុំជាមួយគ្រួសារពួកគាត់វិញ៕
ដោយ៖ពលជ័យ

ads banner