សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តមុនីសុវណ្ណ (ហៅចំពុះក្អែក)
(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំអមដំណើរ និងមន្ត្រីកាកបាទក្រហមកម្ពុជា បានអញ្ជើញនាំយកទៀនព្រះវស្សា បច្ច័យ ទេយ្យទាន សម្ភារៈ បរិក្ខាជាច្រើនមុខ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តមុនីសុវណ្ណ (ហៅចំពុះក្អែក) ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារសៀលថ្ងៃអាទិត្យ ១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ។
បន្ទាប់ពីវេរប្រគេនទៀនព្រះវស្សា និងទេយ្យទាន សម្ភារៈបរិក្ខាជាច្រើនមុខ ដល់សម្តេចសង្ឃ-ព្រះសង្ឃ និងឧទ្ទិសមនុញ្ញផលជូនដល់បុព្វការីជនមាន មាតា បិតា ជីដូន ជីតា និងញាតិការគ្រប់ៗសណ្តានរួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញអុជទៀនធូបនៅមុខព្រះអង្គធំក្នុងព្រះវិហារ ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជូនក្រណាត់ស ១ដុំ និងថវិកា ៥ម៉ឺនរៀល ដលើសីលវន្តនិងសីលវតីចំនួន ១០០នាក់។ នាឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ បានអញ្ជើញព្រលែងចាបនៅមុខព្រះវិហារ ។
ពិធីបុណ្យចូលព្រះវស្សា តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ បងប្អូន ចាស់ទុំ ចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា សម្ភារប្រគេនព្រះសង្ឃ។ ប្រជាពុទ្ធបរិស័ទខ្មែរ ដែលជាអ្នកមានជំនឿមុតមាំទៅលើព្រះពុទ្ធសាសនា នៅមុនឈានមកដល់នៃកាលបរិច្ឆេទចូលព្រះវស្សានេះ តែងបាននាំយកទៀនព្រះវស្សា និងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ដែលមិនមានការនិមន្តបិណ្ឌបាត្រនេះ៕
ដោយ / គ្រី សម្បត្តិ