លោក លន់ សាមឌី ៖ ក្រុមហ៊ុនគឺជាដៃគូសំខាន់ ក្នុងការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា

(ភ្នំពេញ)៖ លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា បានថ្លែងអំណរគុណ និងចាត់ទុកក្រុមហ៊ុនឧបត្តម្ភ គឺជាដៃគូក្នុងការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា។ ការថ្លែងបែបនេះ ធ្វើក្នុងសន្និសិទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកពានរង្វាន់ WOWNOW & U Mall League រដូវកាលទី៣ ឆ្នាំ២០២៤ សម្រាប់វិញ្ញាសា MLBB ដោយមានក្រុមចូលរួមជាង ៥០០។

លោក លន់ សាមឌី បានលើកឡើងថា ពានរង្វាន់ WOWNOW & U Mall League ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញ និងអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា ឲ្យរីកចម្រើនឈានដល់កម្រិតស្តង់ដាអន្តរជាតិ និងជាចលករជំរុញដល់ការអភិវឌ្ឍយុវជនថ្នាលសម្រាប់សហព័ន្ធលើវិញ្ញាសារ MLBB អោយបោះជំហានយ៉ាងលឿនដូចតាមបណ្ដាប្រទេសផ្សេងៗ។ អគ្គលេខាធិការសហព័ន្ធ ស្នើក្រុមហ៊ុនជាដៃគូ បន្តចូលរួមឧបត្ថម្ភគាំទ្រ ដើម្បីបង្កើតព្រឹត្តការណ៍ប្រកួតអោយបានច្រើន ក្នុងមួយៗឆ្នាំ អោយបានយ៉ាងតិច៤ទៅ៥ដង។ ពីព្រោះការប្រកួតច្រើន មានកីឡាករច្រើន មានធនធានច្រើន បទពិសោធន៍ក៏ច្រើនផងដែរ។

គួររម្លឹកថា កាលពីរដូវកាលទី១ WOWNOW & Prince Mall League កាលពី ឆ្នាំ២០២២ ជើងឯកបានទៅក្រុម Burn X Flash និងរដូវកាលទី២ ឆ្នាំ២០២៣ បានទៅក្រុម See You Soon។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ WOWNOW & U Mall League រដូវកាលទី៣ ឆ្នាំ២០២៤ នឹងធ្វើការប្រកួតជម្រុះ Online ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយការប្រកួតមានក្រុមចូលរួមចំនួន ៥១២ក្រុម នឹងត្រូវជម្រុះយកត្រឹម ១៦ក្រុម ចូលរួមជាមួយក្រុមដែលមាននៅក្នុង MPL KH ផងដែរ។ ការប្រកួតក្នុងពូលវគ្គ ១៦ក្រុមចុងក្រោយធ្វើនៅទីតាំង U Mall Phnom Penh ដោយប្រើរូបមន្ត BO2។ ក្រុមលេខ១ និង២ នៃពូលនីមួយៗនឹង ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ (Bracket 8)។ ចំពោះការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងត្រូវបានជ្រើសចេញពីការប្រកួតក្រុមទាំង១៦ ចំនួន២ក្រុម នឹងឡើងជួបជាមួយក្រុមជើងឯករដូវកាលទី២ គឺក្រុម See You Soon និងជើងឯករងក្រុម CFU Gaming ដើម្បីប្រជែងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដែលត្រូវបានធ្វើឡើងនៅផ្សារទំនើប U Mall Sihanoukville ក្នុងខេត្តព្រះសីហនុ។ចំពោះប្រាក់រង្វាន់សរុប ៩ពាន់ ៤រយដុល្លារ៖ ម្ចាស់ជើងឯក ទទួលបាន ៤០០០ដុល្លារ ជើងឯករង ទទួលបានប្រាក់រង្វាន់ ២៥០០ដុល្លារ លេខ៣ ទទួលបាន ១០០០ដុល្លារ និងលេខ៤ ទទួលបានប្រាក់រង្វាន់ ៦០០ដុល្លារ ៕

អត្ថបទ-រូបភាព. ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner