អ៊ីរ៉ង់ថ្កោលទោសយ៉ាងខ្លាំង ក្រោយអ៊ីស្រាអែលវាយលុកកំពង់ផែយេមែន

តេហេរ៉ង់: អ៊ីរ៉ង់បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារសងសឹកដ៏សាហាវរបស់អ៊ីស្រាអែលទៅលើកំពង់ផែ Hodeida ដែលគ្រប់គ្រងដោយក្រុមហ៊ូតទី ក្នុងប្រទេសយេម៉ែន ដែលក្រុមឧទ្ទាមបាននិយាយថា បានសម្លាប់មនុស្ស ៦នាក់ និងរាប់សិបនាក់ទៀតរងរបួស។

កាលពីល្ងាចថ្ងៃសៅរ៍ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani បានប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារកំពង់ផែ Hodeida ដែលគ្រប់គ្រងដោយក្រុមហ៊ូតទី ក្នុងប្រទេសយេម៉ែន
ដោយនិយាយថា វាគឺជាការបង្ហាញពីអាកប្បកិរិយាឈ្លានពាននៃរបបអ៊ីស្រាអែលសម្លាប់កុមារ។

យន្តហោះចម្បាំងអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ បានវាយប្រហារកំពង់ផែដ៏សំខាន់នៃទីក្រុង Hodeida នៅក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះដ្រូនរបស់ក្រុម ហ៊ូតទី ដែលគាំទ្រដោយអ៊ីរ៉ង់ទៅលើទីក្រុង Tel Aviv ដែលបានសម្លាប់ជនស៊ីវិលម្នាក់។

ក្រុមឧទ្ទាមហ៊ូតទីរបស់យេម៉ែនកាលពីថ្ងៃអាទិត្យបានសន្យាថា នឹងធ្វើការសងសឹកដ៏ធំមួយប្រឆាំងនឹងអ៊ីស្រាអែល ដើម្បីឆ្លើយតបការវាយប្រហារដ៏សាហាវលើកំពង់ផែ Hodeida ខណៈភាពតានតឹងក្នុងតំបន់កាន់តែទូលំទូលាយ ដោយសារសង្គ្រាមជាច្រើនខែនៅហ្គាហ្សា។

ការប្រយុទ្ធគ្នានៅទូទាំងតំបន់បានកើតឡើងនៅមុនការធ្វើដំណើររបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងសប្តាហ៍នេះ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែលបាននិងកំពុងព្យាយាមធានាបទឈប់បាញ់នៅក្នុងសង្គ្រាមជាង ៩ខែរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas នៅតំបន់ហ្គាហ្សា៕

ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner