ព្រះមហាក្សត្រថ្មីរបស់ម៉ាឡេស៊ី ឡើងសោយរាជសម្បត្តិជាផ្លូវការ
គូឡាឡាំពួរ÷ ព្រះករុណា អ៊ីប្រាហ៊ីម អ៊ីស្កន់ដារ ទ្រង់បានទទួលព្រះរាជពិធីអភិសេកគ្រងរាជសម្បត្តិជាផ្លូវការនៅថ្ងៃទី២០ ខែកក្កដា បន្ទាប់ពីត្រូវក្រុមប្រឹក្សារាជបល្ល័ង្គម៉ាឡេស៊ីសម្រេចជ្រើសតាំងជាព្រះមហាក្សត្រកាលពីខែមករាដើមឆ្នាំនេះ។
មហាក្សត្រម៉ាឡេស៊ីថ្មី ព្រះករុណា អ៊ីប្រាហ៊ីម អ៊ីស្កន់ដារ បានសច្ចាប្រណិធានថា គោរពធម្មនុញ្ញ គង់នៅជាម្លប់កៀកក្បែរប្រជានុរាស្ត្រ និងរក្សាសន្តិភាព។ ក្នុងព្រះរាជពិធីអភិសេកគ្រងរាជសម្បត្តិនេះ គេឃើញវត្តមានព្រះញាតិវង្ស ព្រះរាជវង្សានុវង្ស នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងអ្នកមុខអ្នកការមហាមន្ត្រី។
ព្រះមហាក្សត្រ Hassanal Bolkiah ព្រះចៅប្រុយណេ និងព្រះមហាក្សត្របារែន ព្រះបាទ Hamad bin Isa Al Khalifa ស្តេចទាំងទ្វេ ក៏ទ្រង់យាងមកចូលរួមអបអរក្សត្រម៉ាឡេស៊ី ដោយផ្ទាល់ព្រះអង្គដែរ។ រាជាណាចក្រសហព័ន្ធម៉ាឡេស៊ី មានស្ថាប័នព្រះមហាក្សត្រមួយដ៏ចម្លែកប្លែកពីគេលើកលោក ដ្បិតថា ត្រូវផ្លាស់ប្តូរព្រះមហាក្សត្ររៀងរាល់ ៥ឆ្នាំម្តង។ ក្រុមប្រឹក្សារាជបល្ល័ង្គ គឺក្រុមគ្រួសារព្រះរាជវង្សម៉ាឡេស៊ី ជាអ្នកជ្រើសតាំងព្រះមហាក្សត្រថ្មី។
កាសែត Bloomberg បានឱ្យដឹងថា គ្រួសាររបស់ព្រះករុណា អ៊ីប្រាហ៊ីម អ៊ីស្កន់ដារ មានសម្បត្តិឯកជន ប្រមាណ ៥,៧ពាន់លានដុល្លារ ហើយមានកងកម្លាំងយោធាផ្ទាល់ខ្លួនទៀត។ កាសែត The Star ព័ណ៌នាថា ស្តេចថ្មីនេះ មានបុគ្គលិកលក្ខខណៈរហ័សរហួតរវៀសរវៃ ដ្បិតអីទ្រង់ធ្លាប់បានហ្វឹកហាត់ទាហាននៅសហរដ្ឋអាមេរិក៕
ប្រភព÷ ប្រែសម្រួលដោយ÷ ឈឹម ទីណា