អង្គការសហប្រជាជាតិ កោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័ស របស់កម្ពុជា

(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២២ កក្កដា ២០២៤ ឯកឧត្តម អាទល់ ខារ៉េ (Atul KHARE) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកទ្រទ្រង់ប្រតិបត្តិការរក្សាសន្តិភាព បានកោតសរសើរអំពីជោគជ័យរបស់កម្ពុជា និងចាត់ទុកកម្ពុជា ជាប្រទេសគំរូដែលបានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់បណ្ដាប្រទេសជាច្រើន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីចូលរួមថែរក្សាសន្តិភាព បោសសម្អាតមីន និងកសាងហេដ្ឋារចនាសម្ព័ន្ធនានា។

ជាមួយគ្នានេះ កម្ពុជាបានផ្ដល់នូវការបណ្ដុះបណ្ដាល ផ្នែកបោសសម្អាតមីន ដល់បណ្ដាប្រទេសមួយចំនួន និងមានមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន។ បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការរង ក៏បានសម្ដែងនូវការគាំទ្រចំពោះកម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាស្តីពី ការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅខែវិច្ឆិកា ឆ្នាំ២០២៤។

ឯកឧត្តមអគ្គលេខាធិការរង បានកោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា និងបាន អបអរសាទរកម្ពុជា ដែលនឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងពេលអនាគតដ៏ខ្លី។

ជាការឆ្លើយតប សម្ដេចធិបតី បានអរគុណអង្គការសហប្រជាជាតិ ដែលបានរួមចំណែកកសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបានគាំទ្រ និងបន្តគាំទ្រកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ។

សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបន្តប្ដេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដើម្បីចូលរួមជាមួយអង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាព និងបោសសម្អាតមីនមនុស្សធម៌។

សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ-សាធារណរដ្ឋកូរ៉េ-កម្ពុជា ( The UN-ROK-Cambodia Triangular Partnership) ក្នុងចុងឆ្នាំ២០២៤ និងកម្មវិធីភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ-ជប៉ុន-កម្ពុជា (The UN-Japan-Cambodia Triangular Partnership) នៅដើមឆ្នាំ២០២៥ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner