ឯកអគ្គរដ្ឋទូតចិននៅកម្ពុជាប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ​និងប្រកបដោយផ្លែផ្កាបន្ថែមទៀត

ក្នុងឱកាសនៃជំនួប សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតី ជឿជាក់ថា ក្នុងបេសកកម្មការទូតរបស់ ឯកឧត្តម ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនប្រជាជន និងប្រទេសកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ហើយជីវភាពរបស់ប្រជាជនកម្ពុជានឹងត្រូវបានលើកកម្ពស់បន្ថែមទៀតផងដែរ។ ឯកឧត្តម ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ​ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត។

សម្ដេចធិបតី និង ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការពេញចិត្ត និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរលង់ និងរឹងមាំរវាងប្រទេសទាំងពីរ ព្រមទាំងបានផ្លាស់ប្ដូរយោបល់ និងពិភាក្សាអំពីការបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ ដែលរួមមាន ជាអាទិ៍៖ វិស័យការពារជាតិនិងសន្តិសុខ, វិស័យថាមពល, វិស័យទេសចរណ៍, ការតភ្ជាប់រវាងប្រជាជននិងប្រជាជន, វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម, វិស័យកសិកម្ម, និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី​ ហ៊ុន​ ម៉ាណែត

ads banner