ជប៉ុនទាក់ទាញភ្ញៀវទេសចរជិត១៨លាននាក់ក្នុងពេល ៦ខែ
តូក្យូ៖ មិនខុសពីបណ្តាប្រទេសនៅអាស៊ាន ជប៉ុន ក៏កំពុងព្យាយាមពង្រឹងវិស័យទេសចរណ៍របស់ខ្លួនដើម្បីជួយទាញសេដ្ឋកិច្ចឲ្យរឹងមាំឡើងវិញផងដែរ។ ក្នុងរយៈពេល៦ខែចុងក្រោយនេះ ជប៉ុន បានអន្ទងភ្ញៀវបរទេសជិត ១៨លាននាក់ កើនឡើងជាង២លាននាក់ បើធៀបនឹងឆមាសទី១ឆ្នាំមុន។

បើគិតក្នុងខែមិថុនាមួយ ភ្ញៀវបរទេសមានចំនួន ៣លាន ១៤ម៉ឺននាក់ ដែលជាកំណត់ត្រាដ៏ខ្ពស់បំផុតមួយប្រចាំខែ។ ប្រសិនបើល្បឿនបច្ចុប្បន្ននៅតែបន្ត នោះចំនួនភ្ញៀវបរទេសចូលទៅជប៉ុនក្នុងឆ្នាំ ២០២៤ ត្រូវបានគេរំពឹងថា នឹងកើនឡើងលើសពីកំណត់ត្រាឆ្នាំ ២០១៩ ដែលមានចំនួនជិត ៣២លាននាក់។
ភ្ញៀវអន្តរជាតិនាំមុខក្នុងប្រទេស គឺកូរ៉េខាងត្បូង បន្ទាប់មកគឺ ចិន តៃវ៉ាន់ អាមេរិក និងហុងកុង។ ប្រាសាទ អូសាកា ភ្នំហ្វូជី ប៉ម Sky Tree សារធមន្ទីរបើចំហ Edo Tokyo និងកោះហុកកៃដូ នៅតែឈរនៅកំពូលតារាងដែលអាចទាក់ទាញភ្ញៀវបានច្រើនបំផុត។

មិនទាន់ស្កប់ស្កល់ទេសម្រាប់ជប៉ុន។ សារព័ត៌មាន Japan Times បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុនកំពុងរៀបចំដាក់ឱ្យប្រើប្រាស់ប្រព័ន្ធថ្មីមួយ ហៅថា preclearance system ដែលអាចឲ្យអ្នកទេសចរបំពេញបែបបទចូលប្រទេសជប៉ុនមុនពេលមកដល់ ដើម្បីជួយកាត់បន្ថយពេលវេលារង់ចាំ។ ប្រទេសជប៉ុនគ្រោងនឹងដាក់ដំណើរការសេវាកម្មនេះសម្រាប់ភ្ញៀវទេសចរមកពីកោះតៃវ៉ាន់ គិតចាប់ពីខែមករា ឆ្នាំ២០២៥ ហើយនឹងពង្រីកកម្មវិធីនេះរបស់ខ្លួនទៅកាន់ប្រទេស និងតំបន់ផ្សេងទៀត៕ ប្រភព៖
