ឯកឧត្តម នេត្រ ភក្ត្រា៖ ការបម្រើសេវាសាធារណៈ​ប្រកបដោយគុណភាព និងប្រសិទ្ធភាព ឆាប់រហ័សជូនដល់​សាធារណជនជាកិច្ចការអាទិភាពមួយរបស់ក្រសួងព័ត៌មាន

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា «ការបម្រើសេវាសាធារណៈប្រកបដោយគុណភាពនិងប្រសិទ្ធភាព ឆាប់រហ័សជូនដល់សាធារណជនជាកិច្ច​ការអាទិភាពមួយរបស់ក្រសួងព័ត៌មាន»។ ការបញ្ជាក់របស់​ឯកឧត្តម នេត្រ ភក្ត្រា ក្នុងឱកាសដឹកនាំកិច្ចប្រជុំ​ដើម្បីធ្វើ​បច្ចុ​ប្បន្នភាពកម្រងសេវាសាធារណៈរបស់ក្រសួងព័ត៌មាននៅទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០២៤នេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា​ យើងចាំបាច់ត្រូវខិត​ខំប្រឹង​ប្រែង​ក្នុងការផ្តល់សេវាសាធារណៈឱ្យបានទាន់ពេលវេលា និងគ្មានភាពស្មុគស្មាញ តាមរយៈការពន្លឿននីតិវិធី និងបង្កភាពងាយស្រួលដល់អ្នកស្នើសុំសេវា។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌​មានបាននិងកំពុងពង្រឹងការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈរបស់ក្រសួង ដើម្បីបង្កើនប្រសិទ្ធភាពផ្តល់សេវា ក៏ដូច​ជា ដើម្បីពង្រឹងការងារគ្រប់គ្រងវិស័យព័ត៌មាន និងសោត​ទស្សន៍នៅកម្ពុជាឱ្យបានកាន់រឹងមាំបន្ថែមទៀតជាពិសេសការគ្រប់គ្រងការចេញបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានជាដើម។

គួរបញ្ជាក់ថា​​ ក្រសួងព័ត៌មានបានដាក់ឱ្យដំណើរការច្រក​ចេញ​ចូលតែមួយរបស់ខ្លួននៅខែធ្នូ ឆ្នាំ២០២៣ កន្លង​ទៅ​នេះជាមួយការបន្ត​ធ្វើ​​ការ​កែទម្រង់លើការផ្តល់សេវាសាធារ​ណៈឱ្យល្អប្រសើរ។ ក្រសួងព័ត៌មានបានផ្តល់សេវាមួយចំនួន​រួម​​មាន​ការផ្តល់អាជ្ញាប័ណ្ណផ្នែកសារព័ត៌មាន ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ការគ្រប់​គ្រងការផ្សព្វផ្សាយពាណិជ្ជកម្ម តាមប៉ា​ណូ អាហ្វីស រោង​ពុម្ពជាដើម៕
ដោយ៖ពលជ័យ
រូបភាព៖ខឹម សុវណ្ណារ៉ា

ads banner