សម្តេចធិបតី វាយតម្លៃខ្ពស់ចំពោះតួនាទីសកម្មរបស់ ទូតស្រីលង្កា ដែលចប់អាណត្តិបេសកកម្ម នៅកម្ពុជា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបជាមួយ លោកជំទាវ Colonne Appuhamilage Chaminda Inoka Colonne ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ រសៀលថ្ងៃទី២២ កក្កដា ២០២៤ ។

លោកជំទាវ Colonne Appuhamilage Chaminda Inoka Colonne ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគោរពជម្រាបជូនសម្ដេចធិបតីអំពីកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា ដែលបានរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានប្តេជ្ញាក្នុងការបន្តជួយផ្សព្វផ្សាយអំពីសក្ដានុពលកម្ពុជាដល់ប្រជាជនស្រីលង្កា ។

ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់លោកជំទាវ ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការកម្ពុជា-ស្រីលង្កា។

សម្ដេចធិបតីបានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានលទ្ធភាពជាច្រើនទៀតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ចនិងពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ ជាដើម ។

សម្តេចធិបតីបានបញ្ជាក់បន្ថែមថា ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតថ្មីស្រីលង្កាប្រចាំកម្ពុជា៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner