នាយករដ្ឋមន្ត្រី ៖ ទោះបីប្រឈមការលំបាក ឬត្រូវប្រើពេលវេលាច្រើន ក៏ត្រូវរករហូតដល់ឃើញអាកាសយានិក ពីររូប ដែលបានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរលើបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៣ កក្កដា ថា អស់រយៈពេល ១២ ថ្ងៃ មកហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿង របស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ហោះហើរដោយអាកាសយានិកចំនួន ២ រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស។

ចាប់ពីពេលនោះមកទល់ពេលនេះ គឺមិនមានមួយវិនាទីណាដែលអាកាសយានិកទាំងពីររូប ត្រូវបានបំភ្លេចនោះទ្បើយ។ ការស្វែងរកឧទ្ធម្ភាគចក្រនោះ បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីបាត់ការទាក់ទង ដោយមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីនៅហ្នឹងកន្លែង ហើយមកដល់ម៉ោងនេះ កងកម្លាំងរុករករបស់យើងបានបន្តបេសកកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃ មិនថាមេឃរាំង ឬភ្លៀង និងមិនថាក្នុងព្រៃជ្រៅ ឬឆ្លងកាត់ជ្រោះជ្រលងទឹកហូរនោះទេ ក៏ការស្វែងរកអាកាសយានិកទាំងពីររូបនៅតែបន្តជានិច្ច ។

សម្ដេចធិបតី សូមយកឱកាសនេះ ធ្វើការកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រីអនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, ឯកឧត្តម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ, ឯកឧត្តម អភិបាល នៃគណ:អភិបាលខេត្តពោធិ៍សាត់, ថ្នាក់ដឹកនាំគ្រប់បណ្តាអង្គភាពពាក់ព័ន្ធ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់បងប្អូនក្រុមរុករកទាំងអស់ ដែលបានចូលរួមក្នុងបេសកកម្មនេះដ៏សំខាន់មួយនេះ។

សម្ដេច ក៏សូមអរគុណចំពោះប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ដែលបានបង្ហាញនូវសមានចិត្តព្រួយបារម្ភ និងការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមរុករក ដើម្បីស្វែងរកអាកាសយានិករបស់យើងក្នុងភូមិសាស្ត្រ និងអាកាសធាតុដ៏លំបាកនេះ ។

សម្ដេចបញ្ជាក់ថា ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ ក៏បេសកកម្មរុករកនេះត្រូវតែបន្តទៅមុខ រហូតដល់យើងអាចរកឃើញអាកាសយានិករបស់យើងទាំងពីររូប ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត សូមជូនពរដល់ក្រុមប្រតិបត្តិការរុករកទាំងអស់ សូមសមប្រកបតែនឹងសេចក្តីសុខ សុវត្ថិភាពក្នុងការបំពេញបេសកកម្មដ៏សំខាន់មួយនេះ ហើយសង្ឃឹមយ៉ាងមុខមាំថា យើងនឹងអាចរកឃើញបងប្អូនអាកាសយានិកទាំងពីររូបក្នុងពេលឆាប់ៗនេះ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner