CAPFISH-Capture បានជួយឱ្យគ្រំចំពុះទា នៅកោះកុង បង្កើនបរិមាណលក់ និង ប្រាក់ចំណូល

ភ្នំពេញ៖ តាមរយៈគម្រោងវិស័យជលផល ក្រោយប្រមូលផល ហៅកាត់ថា CAPFISH-Capture បាននិងកំពុងធ្វើការ អភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃផលិតផល ជលផល ដោយផ្តោតលើការពង្រឹងសមត្ថភាព ដោយក្នុងនេះបានជួយសិប្បកម្មកែច្នៃគ្រំចំពុះទា នៅសហគមតំបន់ការពារធម្មជាតិពាមក្រសោម ក្នុងការបង្កើនបរិមាណលក់បាន ៣១ភាគរយ ឯប្រាក់ចំណូលកើនឡើង ៦៨ភាគរយ ។

លោក វង្ស តារា ម្ចាស់សិប្បកម្មកែច្នៃគ្រំចំពុះទា បង្គាក្រៀម ស្ថិតនៅសហគមតំបន់ការពារធម្មជាតិ ពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឱ្យដឹងថា តាមរយៈការជួយរកទីផ្សារពីសំណាក់ភាគីពាក់ព័ន្ធ ក្នុងនេះដូចជាក្រសួងបរិស្ថាន ក្រសួងកសិកម្ម ឃើញថា កំណើនលក់គ្រំចំពុះទាបានកើនឡើងចំនួន ២០ទៅជាង ៣០ភាគរយ ហើយតម្លៃទៀតសោតក៏បានខ្ពស់ជាងមុនដែរ ។

លោកថា គ្រំចំពុះទា គឺជាផលិតផលចម្បងរបស់សិប្បកម្ម ដោយក្នុងនេះលក់ចេញបានប្រមាណ ៧០ភាគរយ រីឯបង្គាក្រៀមមានចំនួន ២០ភាគរយ និងកាពិ ១០ភាគរយ ។ សម្រាប់គ្រំចំពុះទាស្រស់មានតម្លៃចាប់ពី ៦ពាន់ ទៅ ៧ពាន់រៀល ក្នុង១គីឡូក្រាម និង គ្រំចំពុះទាសាច់ឆ្អិនមានតម្លៃ ៤ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ តម្លៃដុំ គ្រំចំពុះទាផ្គត់ផ្គង់ចេញពីកសិដ្ឋានទៅឱ្យឈ្មួញមកពីប្រទេសថៃ និង វៀតណាម មានតម្លៃត្រឹមតែ ២ពាន់រៀលក្នុងមួយគីឡូគ្រាម ។

លោក វង្ស តារា បានប្រាប់ដែរថា ក្រៅពីគ្រំចំពុះទាសិប្បកម្មរបស់លោក ក៏បានផ្គត់ផ្គង់កាពិទៅឱ្យឈ្មួញក្នុងស្រុកប្រមាណ ៣០គីឡូក្រាម ក្នុងតម្លៃ ១០ម៉ឺនរៀលក្នុងមួយគីឡូក្រាមជារៀងរាល់ខែ ។

លោក ប្រាយ អិន ហ្វរណាវី ប្រធានកិច្ចសហប្រតិបត្តិការនៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានបញ្ជាក់ប្រាប់ថា៖សហគមន៍អឹរ៉ុបបានផ្តល់ថវិកាគាំទ្រគម្រោងអភិវឌ្ឍជលផលក្រោយប្រមូលផលតាមរយៈអង្គការ យូនីដូ(UNIDO)បាននិយាយថា ការជួយគាំទាំងផ្នែកបច្ចេកទេស និងការវិនិយោគលើសម្ភារបរិក្ខារបានជួយបន្ថែមតម្លៃលើផលិតផលជលផលរបស់កម្ពុជា។

លោកជំទាវ អ៊ឹម រចនា មន្រ្តីនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានថ្លែងបញ្ជាក់ថាផលិតផល ជលផល កំពុងត្រូវបានយកចិត្តទុកដាក់ដើម្បីនាំទៅកាន់ផ្សារក្នុងស្រុក និង ពិសេស ការនាំចេញទៅកាន់បរទេសដូចជា ប្រទេសជិតខាងកម្ពុជា ប្រទេសចិនហើយគោលដៅបន្ទាប់គឺបណ្តាប្រទេសសហគមន៍អឺរ៉ុប។

មន្រ្តីអ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថាក្នុងចំណោមសហគ្រាសដែលទទួលបានវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាព ផលិតផល ជលផលកម្ពុជា ហៅកាត់ថា CQS ពួកគាត់តែងមានទីផ្សារល្អជាងមុន និងក្រៅពីនេះផលិតផលជលផលរបស់គាត់ក៏មានតម្លៃល្អប្រសើរដែរ។

គួររំលឹកដែរថា សិប្បកម្មកែច្នៃ គ្រំចំពុះទា កាពិ និងបង្គាក្រៀម វង្ស តារា បានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ នៅក្នុងខេត្តកោះកុង ដែលជាអាជីវកម្មលក្ខណៈគ្រួសារ កែច្នៃផលិតផលជលផលសមុទ្រ ដូចជា គ្រំចំពុះទាស្រស់ បង្គាក្រៀម និងកាពិ ។ សម្រាប់គ្រំចំពុះទាត្រូវបានប្រជាសហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ខេត្តកោះចិញ្ចឹមតាមបែបធម្មជាតិតាមរយៈការបោះបង្គោលចំនួន ចាប់ពី ១ពាន់ ដល់ជាង ១សែនបង្គោល នៅក្នុងផ្ទៃដៃទឹកសមុទ្រ ។ គ្រំប្រភេទនេះនឹងផ្តល់ផលចាប់ ពីខែវិច្ឆិកា ដល់ខែមិនា ជារៀងរាល់ឆ្នាំ ។

សម្រាប់គ្រំចំពុះទានេះដែរ គេឃើញមានចិញ្ចឹមនៅតែខេត្តកោះកុងមួយគត់ ក្នុងចំណោមខេត្តជាប់សមុទ្រនៅ កម្ពុជា។ នៅក្នុងនោះដែរ ការចិញ្ចឹមគ្រំនេះ មាននៅក្នុងឃុំចំនួន ៣ប៉ុណ្ណោះ គឺ ឃុំពាមក្រសោប នៃស្រុកមណ្ឌលសីមា និងឃុំកាពិ ឃុំជ្រោយប្រស់ នៃស្រុកកោះកុង ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner