វិស័យជលផលក្រោយប្រមូលផល កំពុងអភិវឌ្ឍន៍ខ្លួន ដើម្បីឈោងចាប់ទីផ្សារឱ្យកាន់តែទូលំទូលាយទាំងក្នុងស្រុក និង បរទេស

ភ្នំពេញ៖ វិស័យជលផលក្រោយប្រមូលផល ដែលហៅកាត់ថា CAPFISH-Capture កំពុងសម្រួចគោលដៅរបស់ខ្លួន ក្នុងការពង្រឹងសមត្ថភាព និង ការអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃផលិតផលជលផលដើម្បីឈានឆ្ពោះទៅរកទីផ្សារកាន់តែល្អប្រសើរដោយក្នុងនេះបានផ្តោតទាំងក្នុងស្រុក និងការនាំចេញក្រៅប្រទេស។

ក្នុងដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផលទទួលបានការគាំទ្រពីគម្រោងក្នុងរាជធានីភ្នំពេញ កោះកុង និង ព្រះសីហនុ ចាប់ពីថ្ងៃទី១៥-១៨ខែ កក្កដា ឆ្នាំ ២០២៤ កន្លងមកថ្មីៗនេះ លោកជំទាវ អ៊ឹម រចនា មន្រ្តីនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ៖ ផលិតផល ជលផល កំពុងត្រូវបានយកចិត្តទុកដាក់ដើម្បីនាំទៅកាន់ផ្សារក្នុងស្រុក និង ពិសេស ការនាំចេញទៅកាន់ប្រទេសជិតខាងកម្ពុជា ប្រទេសចិន សហរដ្ឋអាមេរិក ហើយគោលដៅបន្ទាប់គឺបណ្តាប្រទេសសហគមន៍អឺរ៉ុប ។

មន្រ្តីអ្នកនាំពាក្យរូបនេះ បន្តថា ក្នុងចំណោមសហគ្រាសដែលទទួលបានវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាព ផលិតផល ជលផលកម្ពុជា ហៅកាត់ថា CQS ពួកគាត់តែងមានទីផ្សារល្អជាងមុន និងក្រៅពីនេះផលិតផលជលផលរបស់គាត់ក៏មានតម្លៃល្អប្រសើរដែរ ។

លោក ប្រាយ អិន ហ្វរណាវី ប្រធានកិច្ចសហប្រតិបត្តិការនៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាគូសបញ្ជាក់ប្រាប់ថា៖សម្រាប់សហភាពអឺរ៉ុបគាំទ្រទាំងបច្ចេកទេស និងជំនាញឯកទេស ។ ទោះបីយ៉ាងណាការនាំចេញវាត្រូវការនីតិវិធី និងលក្ខខណ្ឌបច្ចេកទេសជាច្រើនផ្គួបផ្សំ ។ ជាមួយគ្នាវាក៏ត្រូវមានការទទួលស្គាល់ផងដែររវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរប្រទេសអឺរ៉ុបទើបផលិតផលទាំងនេះអាចនាំចេញទៅកាន់ប្រទេសអឺរ៉ុបបាន ។

លោក សេតធី ស៊ីថារ៉ាម៉ា ប្រធានទីប្រឹក្សាបច្ចេកទេសរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)បានឱ្យដឹងថាអង្គការមួយនេះទទួលបានថវិកាបដិភាគពីសហគមន៍អឺរ៉ុប ដើម្បី អនុវត្តគម្រោងការអភិវឌ្ឍជលផលក្រោយប្រមូលផល ដែលមានចំណុចសំខាន់ៗចំនួន ៤ រួមមាន៖ទី១) ពង្រឹងសមត្ថភាពបច្ចេកទេស និងនិរន្តរភាពនៃអាជ្ញាធរមានសមត្ថកិច្ច និងសេវា ត្រួតពិនិត្យផ្លូវការ ដែលគាំទ្រដល់ជលផលក្រោយប្រមូលផល។ទី ២)ពង្រឹងសមត្ថភាពវិស័យឯកជន ដើម្បីអោយមានលទ្ធភាពអនុវត្តន៍តាមស្តង់ដារ សុវត្ថិ ភាពអាហារ និងឆ្លើយតបតាមតម្រូវការទីផ្សារសមស្រប ។ទី ៣) ការលើកកម្ពស់ការប្រកួតប្រជែងអាជីវកម្មជលផល ក្រោយប្រមូលផលតាមរយៈ ការ សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ។ទី៤) ការគ្រប់គ្រងគម្រោង ការត្រួតពិនិត្យ និងការវាយតម្លៃ។

គួរបញ្ជាក់ថាសហគមន៍នេសាទនៅកម្ពុជាមានប្រជាជនប្រមាណ ១.៥ លាននាក់ ដែលក្នុងចំណោមនេះដែរមានប្រហែល ១.៣៩៥.០០០ នាក់ ប្រកបរបរពាក់ព័ន្ធទៅនឹង ការនេសាទទឹកសាប ខណៈប្រមាណ ១០៥.០០០ នាក់ទៀតកំពុងប្រកបរបរនេសាទសមុទ្រ ។ ជាមួយគ្នានេះកម្ពុជាក៏បានបង្កើតសហគមន៍នេសាទ សរុបចំនួន៥១៦ ក្នុងនេះ៤៧៥ ទីតាំងស្ថិតនៅលើគោកនិង៤១ នៅតាមបណ្តោយឆ្នេរសមុទ្រ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner