យោធិននៅខេត្តកំពង់ធំ ប្រកាសអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីហ្វូណនតេជោ
កំពង់ធំ៖យោធិននៅខេត្តកំពង់ធំបានប្រកាសអបអរសាទរនិងគាំទ្រយ៉ាងក្លៀវក្លាពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩ និង៩នាទី។
ការប្រកាសនេះ ខណៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានផ្សព្វផ្សាយ ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ជូនយោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា។
ការផ្សព្វផ្សាយបានណែនាំថា នៅគ្រប់បណ្ដាកងឯកភាពចំណុះ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវរៀបចំអបអរសាទរ ពិធីបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ នៅតាមបណ្ដាអង្គភាពនីមួយៗឱ្យមានភាពអធិកអធម និងមហោឡារិក ដោយត្រូវរៀបចំពិធីវាយជួង ទូងស្គរ គោះរគាំង ឱ្យបានព្រមៗគ្នា ក្នុងពេលវេលាតែមួយដើម្បីអបអរសាទរក្នុងពិធីជាប្រវត្តិសាស្ត្រនេះ ។
ក្នុងឱកាសនេះនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទាំងអស់ ព្រមទាំងក្រុមគ្រួសារ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវពិធីបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ នៅពេលខាងមុខដ៏ខ្លីនេះឱ្យទទួលបានជោគជ័យ ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា៕
ដោយ៖ ប៊ុន រដ្ឋា