មនុស្សរាប់លាននាក់ប្រឈមហានិភ័យពីភ្លើងឆេះព្រៃនៅអាមេរិក

វ៉ាស៊ីនតោន៖ រដ្ឋភាគខាងលិចជាច្រើនរបស់សហរដ្ឋអាមេរិក រួមទាំងរដ្ឋកាលីហ្វ័រញ៉ា និងយូថាហ៍ កាលពីថ្ងៃចន្ទ កំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ខណៈដែលប្រជាជនអាមេរិករាប់លាននាក់នៅក្នុងតំបន់ ស្ថិតនៅក្រោមការជូនដំណឹងអំពីរលកកំដៅវាយប្រហារម្តងទៀត។

អាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា បទបញ្ជាជម្លៀសប្រជាជនត្រូវបានដាក់ចេញនៅភាគខាងកើតនៃទីក្រុង Los Angeles ក្នុងតំបន់ Riverside County ជាទីដែលភ្លើងបានបំផ្លាញអគារមួយចំនួនតូច និងបានឆាបឆេះផ្ទៃដីជាង ៨០០ហិកតា។ យោងតាមទីភ្នាក់ងាររដ្ឋាភិបាល Cal Fire បានឱ្យដឹងថា នៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា ក្រុមអ្នកពន្លត់អគ្គីភ័យកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃចំនួន២១ ដែលឆាបឆេះមានទំហំខុសៗគ្នាកាលពីថ្ងៃចន្ទ។

កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេមានភាពស្មុគស្មាញ ដោយសារតែអាកាសធាតុក្តៅ បានវាយប្រហារភាគខាងលិចនៃសហរដ្ឋអាមេរិកចាប់តាំងពីចុងសប្តាហ៍ ដោយមនុស្សជាង ៣០លាននាក់ដែលរងផលប៉ះពាល់ បានទទួលការព្រមានអំពីរលកកំដៅ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា អារីហ្សូណា ណេវ៉ាដា អូរីហ្គន និងរដ្ឋវ៉ាស៊ីនតោន។
អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានព្រមានកាលពីដើមខែកក្កដា អំពីរដូវកាលភ្លើងឆេះព្រៃ “សកម្មខ្លាំង” បន្ទាប់ពីស្ងប់ស្ងាត់ជាងពីរឆ្នាំ ដោយសាររដូវភ្លៀង។

រលកកំដៅម្តងហើយម្តងទៀតចាប់តាំងពីដើមខែមិថុនាបានឆេះបំផ្លាញអស់រុក្ខជាតិជាច្រើនរបស់រដ្ឋ ដែលធ្វើឱ្យវាកាន់តែងាយស្រួលបង្កជាភ្លើងឆេះ។ លោក Newsom បន្ថែមថា ចាប់តាំងពីខែមករាមក ភ្លើងឆេះព្រៃបានលេបត្រអស់បាក់ផ្ទៃដីប្រហែល ២០៧,៤១៥ហិកតានៅរដ្ឋកាលីហ្វ័រញ៉ា កើនឡើងលើសពីចំនួន ១០,០៨០ហិកតាដែលបានកត់ត្រាក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន ហើយលើសពីមធ្យមភាគ៥ឆ្នាំមុន ដែលមានត្រឹមតែ ៣៨,៥៩៣ហិកតា។

ព្រឹត្ដិការណ៍អាកាសធាតុក្តៅខ្លាំង កំពុងតែក្លាយជារឿងធម្មតា និងកើតឡើងកាន់តែញឹកញាប់ នៅពេលដែលភពផែនដីរបស់យើងឡើងកំដៅ ភាគច្រើនដោយសារតែការពឹងផ្អែករបស់មនុស្សទៅលើឥន្ធនៈហ្វូស៊ីល នេះបើយោងតាមការបញ្ជាក់របស់ក្រុមអ្នកវិទ្យាសាស្ត្រ។ តួយ៉ាង កាលពីខែមិថុនា ត្រូវបានគេចាត់ទុកថា ជាខែក្តៅបំផុតក្នុងកំណត់ត្រាទូទាំងពិភពលោក នេះបើយោងតាមសេវាតាមដានការប្រែប្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner