អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំរំលឹកដល់មន្រ្តីពាក់ព័ន្ធ
កំពង់ធំ៖អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ គ្រប់គ្រងនិងបង្ក្រាបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ ប្រធានអនុប្រធានព្រៃសហគមន៍និងកម្លាំងចម្រុះ ត្រូវគ្រប់គ្រងឱ្យបាននូវផ្ទៃដែលរឹបអូសបានមកវិញ និងរក្សាឱ្យបានគង់វង្ស។ត្រូវទប់ស្កាត់មិនឱ្យមានការកាប់បំផ្លាញព្រៃឈើជាថ្មី ។
កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំអញ្ជើញត្រួតពិនិត្យការគ្រប់គ្រងដីព្រៃឈើដែលរឹបអូសបានពីបទល្មើសក្នុងភូមិសាស្ត្រតំបន់ខ្សាច់វែង ក្នុងតំបន់សហគមន៍ក្បាលអូរក្រញ៉ាក ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
លោក នន់ ឡាង អនុប្រធានសហគមន៍ក្បាលអូរក្រញ៉ាកបានបញ្ជាក់ថា តំបន់ដែលមានការកាប់បំផ្លាញនេះហៅថាតំបន់ខ្សាច់វែងមានផ្ទៃដីជាង១៥ ហិកតា ។សកម្មភាពលួចកាប់ទន្ទ្រានថ្មីបានកើតឡើងក្នុងរដូវប្រាំងកន្លងមក។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាត្រូវស្រាវជ្រាវរកមុខសញ្ញាជនល្មើស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយគ្មានការលើកលែង ហើយត្រូវបន្តសកម្មភាពការពារ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពដោយពុំមានការដកថយុំ
ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានឧបត្ថម្ភស្បៀងអាហារ ប្រេងឥន្ធនៈ និងថវិកាមួយចំនួនជាអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់កងកម្លាំងចម្រុះ សម្រាប់ជួសជុលមធ្យោបាយធ្វើ ដំណើរ និងសម្រាប់ការហូបចុកប្រចាំថ្ងៃ៕
ដោយ៖ ប៊ុន រដ្ឋា