អាជ្ញាធរ និងមន្ទីរជំនាញខេត្តបន្ទាយមានជ័យ គិតគូរដោះស្រាយទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់
បន្ទាយមានជ័យ៖មន្ទីរធនធានទឹក និងឧតុនិយម បានកាយប្រឡាយបង្ហូរទឹកចូលអាងស្តុកដើម្បីផលិតទឹកស្អាតជូនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ដែលជាក្រុងនៅជាប់ព្រំដែនកម្ពុជា-ថៃ។
លោក ឡាយ សុទ្ធី អនុប្រធានមន្ទីរធនធានទឹក តំណាងលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យបានបញ្ជាក់ក្នុងកិច្ចប្រជុំនៅសាលាក្រុងប៉ោយប៉ែតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ថា ទំនប់អូរខៃដន ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រព និងកាត់បន្ថយគ្រោះទឹកជំនន់ខេត្តបន្ទាយមានជ័យ ។អូរខៃដនជាប្រភពស្តុកទឹកដ៏សំខាន់សម្រាប់ផលិតទឹកស្អាតប្រើប្រាស់ក្នុងក្រុងប៉ោយប៉ែតទាំងមូល ប៉ុន្តែវាត្រូវការចាំបាច់យកទឹកពីបណ្ដាប្រភពទឹកផ្សេងៗទៀត ទើបធានាបានទឹកផលិតទឹកស្អាតសម្រាប់ប្រើប្រាស់មាននិរន្តរភាព។លោករំពឹងថា ក្រោយគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រស្រោចស្រព និងកាត់បន្ថយគ្រោះទឹកជំនន់នៅខេត្តបន្ទាយមានជ័យសាងសង់រួចរាល់នាពេលខាងមុខនឹងបំពេញឱ្យសេចក្តីត្រូវការទឹកស្អាតនេះបាន។
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យបានលើកឡើងក្នុងកិច្ចប្រជុំនេះថា របាយទឹកភ្លៀងធ្លាក់មិនគ្រប់គ្រាន់។ទឹកមានត្រឹមតែពី២០ទៅ៦០ភាគរយនៃចំណុះទឹកអាងឬអូរដែលជាប្រភពទឹកធម្មជាតិ។ដូច្នេះដំណោះស្រាយចំពោះមុខ ក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹកនិងអាជ្ញាធរបានអន្តរាគមន៍កាយប្រឡាយនាំទឹកពីប្រភពប៉ែកខាងលើចូលទៅក្នុងអូរខៃដនដែលអាងស្ដុកទឹកទុកសម្រាប់ផលិតទឹកស្អាត។
ទាក់ទងនឹងសំណង់ប្រព័ន្ធធារាសាស្ត្រស្រោចស្រព និងកាត់បន្ថយគ្រោះទឹកជំនន់ខេត្តបន្ទាយមានជ័យដែលជាគម្រោងរបស់រាជរដ្ឋាភិបាល,លោកអភិបាលខេត្តបានលើកឡើងថា គម្រោងនេះមិនត្រឹមជួយកាត់បន្ថយគ្រោះទឹកជំនន់ប៉ុណ្ណោះទេ តែថែមទាំង ជាបណ្ដាញប្រភពដ៏មានសក្ដានុពលក្នុងការផ្ដល់ទឹកសម្រាប់ប្រើប្រាស់ផងដែរ។ លោកស្នើដល់ក្រមហ៊ុនផលិតទឹកស្អាតក្រុងប៉ោយប៉ែត ក៏ដូចជាទូទាំងខេត្តចូលរួមអនុវត្តគម្រោងដូចបានលើកមកក្នុងកិច្ចប្រជុំ។
សូមជម្រាបថា ក្រុងប៉ោយប៉ែតមានប្រជាជនចំនួន៣០ម៉ឺននាក់ដោយប្រើប្រាស់ទឹកស្អាតរបស់ក្រុមហ៊ុនកុកអានតែមួយប៉ុណ្ណោះ។ក្រុមហ៊ុននេះពឹងផ្អែកលើប្រភពទឹកអូរខៃដនតែមួយ។
ជាបន្តបន្ទាប់អាជ្ញាធរខេត្ត និងមន្ទីរជំនាញបានណែនាំដល់ក្រុមហ៊ុនផលិតទឹកស្អាត ត្រូវស្វែងរកប្រភពទឹកផ្សេងទៀតដូចជា ជីកស្រះឬ ជីកអណ្ដូងជាដើម ត្រៀមបង្ការកង្វះទឹកប្រើប្រាស់ ។គិតចាប់ពីដើមរដូវវស្សាមកដល់ថ្ងៃទី២៤ ខែកក្កដា ខេត្តបន្ទាយមានជ័យ មានទឹកភ្លៀងធ្លាក់រាយប៉ាយច្រើន ឬតិចតាមតំបន់ ហើយក៏ពុំទាន់មានជំនន់ទឹកភ្លៀងនៅឡើយដែរ៕
ដោយ៖ គៀន ច័ន្ទហ៊ីន